[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Suzuki Brezza ប្រភេទកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ១០០៣២ ដុល្លារ ដល់ ១៤៦៩៤ ដុល្លារតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥០០ ម.ម ។ ចំពោះការរចនា Suzuki Brezza ទទួលបានការរចនាថ្មី ដោយប៉ាណាតុបតែងជាមួយក្រូម៉េ ជាប់ជាមួយចង្កៀងមុខភ្លោះប្រភេទ LED កាងខាងមុខទំហំធំពណ៌ខ្មៅ, កញ្ចក់ចំហៀងពណ៌ខ្មៅ, អង់តែនព្រុយត្រីឆ្លាម Shark Finn, ថាសកង់ស្ព័រទំហំ ១៦ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាជារាងផ្តេក ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរៀបចំឡើងវិញសង្កត់ធ្ងន់លើភាបប្រណីត ដោយតុបតែងជាមួយពណ៌ខ្មៅ-ត្នោត មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ថ្មី ភ្ជាប់មុខងារ Apple CarPlat និង Android Auto, ដៃចង្កូតប្រភេទ 3-spoke ថ្មី, អេក្រង់បង្ហាញលើកញ្ចក់, កាមេរ៉ា ៣៦០ ដឺក្រេ, កន្លែងសាកថ្មឥតខ្សែ, ដំបូលកញ្ចក់ Panoramic sunroof, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, រន្ធសាក USB ២ ទីតាំង រួមទាំងបំពាក់ប្រព័ន្ធសុវត្ថិភាព ADAS ថ្មីផងដែរ ។
ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ២ ជម្រើស រួមមាន៖
- ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ មានកម្លាំង ១០០ សេស និងកម្លាំងរមួល ១៣៦ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៤ លីត្រប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ ។
- ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ មានកម្លាំង ១០២ សេស និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ និងអូតូ ៦ វគ្គ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៥ លីត្រប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ ។