[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Suzuki Hustler ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ប្រភេទ Hybrid សម្រាប់ទីផ្សារប្រទេសជប៉ុន ដែលមានតម្លៃលក់ចាប់ពី ១១ ២០៨ ដុល្លារ ដល់ ១២ ៥៦០ ដុល្លារ ។
Suzuki Hustler ដំណើរការដោយម៉ាស៊ីនកូនកាត Mild-Hybrid ចំនួន ២ ជម្រើសរួមមាន
- ម៉ាស៊ីនកូនកាត Mild-Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំង Turbocharged ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៦៧ សេះ និងកម្លាំងរមួល ៩៥ ញ៉ូតុនម៉ែត្រ មានកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
- ម៉ាស៊ីនកូនកាត Mild-Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំង ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៥០ សេះ និងកម្លាំងរមួល ៥៨ ញ៉ូតុនម៉ែត្រ មានកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៣៩៥ ម.ម ទទឹង ១ ៤៧៥ ម.ម កំពស់ ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ២៦០ ម.ម ដោយមានការឌីស្សាញផ្នែកខាងក្រៅស្រដៀងគ្នាទៅនឹង Suzuki Jimny ជាមួយប៉ាណាអបដោយចង្កៀងមុខរាងមូល LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ, ថាសកង់ទំហំ ១៥អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto កៅអីមុខងារកំដៅ ប៊ូតុង Start/Stop ប្រើជា smartkey និងឧបករណ៍បំពងសំលេង ៦ចំនុច ៕