ក្រុមហ៊ុន Suzuki បានប្រកាសចេញរថយន្ត Suzuki Jimny Lite ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដែលនឹងមានដាក់លក់ក្នុងតម្លៃកាន់តែធូរថ្លៃជាងមុន។
រថយន្ត Jimny Lite នេះត្រូវផ្លាស់ប្ដូរលើចំណុចមួយចំនួនទាំងខាងក្នុងនិងខាងក្រៅ ដោយប្រើប្រាស់កង់ដែកទំហំ ១៥អ៊ីញ ជំនួសឲ្យកង់ប្រភេទ Alloy ទំហំ ១៥អ៊ីញ។ មិនតែប៉ុណ្ណោះកញ្ចក់មើលក្រោយឆ្វេង/ស្ដាំនឹងស្រោបដោយជ័រផ្លាស្ទិកជំនួសវិញ ហើយនឹងប្រើប្រាស់អំពូលបំភ្លឺផ្លូវប្រភេទ Halogen និងមិនមានអំពូលកាត់អព្ទ័ឡើយ។
សម្រាប់ផ្នែកខាងក្នុងវិញនឹងមានបំពាក់ដោយម៉ាស៊ីនចាក់ឌីស/ចាក់វិទ្យុ ជំនួសឲ្យអេក្រង់កម្សាន្តទំហំ ៧អ៊ីញដែលមានលើរថយន្ត Jimny ធម្មតា។
រថយន្ត Jimny Lite នឹងបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំងដដែល ប៉ុន្តែនឹងមានតែជម្រើសលេខដៃប៉ុណ្ណោះ មិនមានផ្ដល់ជូនជម្រើសលេខអូតូឡើយ។ តម្លៃរបស់រថយន្តនេះនឹងត្រូវប្រកាសននៅថ្ងៃទី១ ខែសីហា ខាងមុខនេះ ប៉ុន្តែគេជឿជាក់ថាវានឹងមានតម្លៃធូរថ្លៃជាង Jimny ធម្មតា ដែលរថយន្ត Jimny នៅទីផ្សារអូស្ត្រាលីមានតម្លៃចាប់ពីប្រមាណ ២១ ៤២០ដុល្លារ៕