Tesla ចាប់ផ្ដើមការផលិតរថយន្តឡើងវិញ មិនខ្វល់ការហាមឃាត់

Tesla បាន​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​នៅ​រោងចក្រ​ Fremont រដ្ឋ​ California កាល​ពី​ចុង​សប្ដាហ៍​ទៅ ទោះ​បី​ជា​មាន​វិធានការ​បិទ​​ខេត្ត​ក្រុង​នៅ​តំបន់​ Alameda ជា​តំបន់​​ដែល​រោងចក្រ​ស្ថិត​ក្នុង​ក្ដី។

បុគ្គលិក Tesla ពីរ​រូប​បាន​ប្រាប់​ដល់ The Verge ឲ្យ​ដឹង​ថា​ Tesla ​ផលិត​បាន​សម្រេច​នូវ​រថយន្ត Model Y និង Model 3 ប្រមាណ ២០០គ្រឿង កាល​ពី​ចុង​សប្ដាហ៍។ សកម្មភាព​នេះ​កើត​មាន​ក្រោយ​ពី​លោក Elon Musk ប្រាប់​នៅ​លើ Twitter ថា Tesla បាន​ប្ដឹង​រដ្ឋាភិបាល​នៃ​តំបន់ Alameda ដែល​ចេញ​វិធានាការ​ឲ្យ​ពលរដ្ឋ​ស្ថិត​នៅ​ផ្ទះ និង​​សច្ចា​ថា​នឹង​រើ​​រោងចក្រ​ផលិត​ចេញ​ពី California ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​លើ Twitter លោក Elon Musk ក៏​​មាន​បញ្ជាក់​ថា Tesla ពិត​ជា​បាន​បន្ត​​ការ​ផលិត​ឡើង​វិញ​ផ្ទុយ​ពី​បទ​បញ្ជា​របស់​រដ្ឋាភិបាល​តំបន់ Alameda មែន ហើយ​និយាយ​ថា​ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន ចាប់​តែ​លោក​ម្នាក់​បាន​ហើយ។

មក​ទល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​ការ​ចាត់​វិធានការ​អ្វី​ពី​រដ្ឋាភិបាល​តំបន់ Alameda នៅ​ឡើយ​ទេ​ចំពោះ​ការ​ល្មើស​នឹង​បទ​បញ្ជា​របស់ Tesla។ ​រដ្ឋាភិបាល​តំបន់ Alameda បាន​បញ្ជាក់​ថា​ប្រសិន​បើ Tesla ល្មើស​នឹង​បទ​បញ្ជា​ វា​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​​ស្នងការ​នគរបាល​ Fremont ថា​គួរ​ចាត់​វិធានការ​​តាម​ផ្លូវ​ច្បាប់​បែប​ណា៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម