Tesla បិទហាងលក់នៅចិន ដើម្បីកាត់បន្ថយការចំណាយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានបិទហាងលក់ដែលបានបើកដំបូងគេនៅប្រទេសកាលពីសប្ដាហ៍មុន ដែលហាងលក់លំដាប់ Flagship មានទីតាំងនៅកណ្ដាលក្រុងប៉េកាំង។

សារព័ត៌មាន Reuters បានចុះផ្សាយថាប្រភពពីក្នុងក្រុមហ៊ុនបានឲ្យដឹងថាការបិទហាងនេះដើម្បីកាត់បន្ថយថ្លៃចំណាយ ខណៈដែល Tesla ឯណោះ បានបញ្ជាក់ថាហាងលក់របស់ខ្លួនបានប្ដូរទៅកាន់ទីតាំងថ្មី។

ហាងលក់រថយន្តនៅប្រទេសចិនដំបូងគេរបស់ Tesla បានបើកដំណើរការក្នុងឆ្នាំ២០១៣ និងត្រូវបានកែលម្អ ពង្រីកនៅក្នុងឆ្នាំ២០១៨ ហើយវាអាចក្លាយជាហាងលក់រថយន្តខ្នាតធំលំដាប់ទីពីររបស់ Tesla បន្ទាប់ពីហាងលក់នៅសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសម្រេចរបស់ Tesla គឺក្រោយពីក្រុមហ៊ុនបានទម្លាក់តម្លៃនៃរថយន្ត Model 3 និង Model Y ក្នុងប្រទេសចិន ដែលខុសប្លែកពីក្រុមហ៊ុនរថយន្តដទៃដែលកំពុងបន្តឡើងថ្លៃរថយន្តរបស់ខ្លួន។

Tesla មានកាន់កាប់ និងប្រតិបត្តិហាងចែកចាយរថយន្ត Tesla ប្រមាណ២០០កន្លែងនៅប្រទេសចិន ដែលមានដាក់តាំងបង្ហាញ និងរៀបចំការបើកបរសាកល្បង ប៉ុន្តែជាងពាក់កណ្ដាលនៃហាងទាំងនោះមិនមានផ្ដល់សេវាកម្មសម្រាប់រថយន្តនោះទេ។

ការលក់របស់ Tesla ក្នុងប្រទេសចិន ឃើញមានកំណើន ៥៥% នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២ ហើយទីផ្សាររថយន្តអគ្គិសនី និងរថយន្ត Hybrid នៅប្រទេសចិនមានការកើនឡើង ១១៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម