Tesla គ្រោងចំណាយលុយជាង ១ពាន់លានដុល្លារ លើរោងចក្រថ្មី នៅរដ្ឋ Texas

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Tesla នឹងចំណាយប្រាក់ជាង ១ពាន់លានដុល្លារ លើរោងចក្រថ្មីរបស់ខ្លួន នៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ហើយសង្ឃឹមថា នឹងបញ្ចប់ការសាងសង់មុនដំណាច់ឆ្នាំ ២០២១ នេះតែម្តង។

នៅក្នុងឯកសារដែលបានដាក់ជូននាយកដ្ឋានអាជ្ញាបណ្ណ និងបទប្បញ្ញត្តិនៃរដ្ឋតិចសាស់ Texas Department of Licensing and Regulation (TDLR) បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និយាយថា ខ្លួនគ្រោងនឹងបញ្ចប់ការសាងសង់គ្រឿងដំឡើងទូទៅ កន្លែងបាញ់ថ្នាំ កន្លែងចាក់ពុំ កន្លែងសង្កត់តែម និងកន្លែងធ្វើតួរថយន្ត ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១។ ឯកសារទាំងនេះបានបន្ថែមថា រោងជាងចំនួន ៥ នឹងចំណាយអស់ ១,០៦ ពាន់លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Tesla Model Y នឹង​ជា​ម៉ូដែល​ដំបូង​ដែល​ផលិត​នៅ​រោងចក្រនោះ ប៉ុន្តែ​វាក៏​នឹង​ត្រូវគ្រប់គ្រង​ការ​ផលិត​ Model 3, Cybertruck, និង Semi ផងដែរ នៅ​ពេល​វា​ដំណើរការ​ពេញ​លេញ។ យ៉ាងណាមិញ ក្រុមហ៊ុន Tesla បាននិយាយថា រោងចក្រនេះមានសមត្ថភាពផលិត Model Y ដល់ទៅ ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំឯណោះ។

ក្រុមហ៊ុន Tesla បានចាប់ផ្តើមសាងសង់ទីតាំងរោងចក្រខាងលើ នៅរដ្ឋ Texas អំឡុងរដូវក្តៅ ឆ្នាំ ២០២០។ សារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តនេះ ទទួលបានការបញ្ចុះតម្លៃពន្ធក្នុងស្រុកជិត ៦៥ លានដុល្លារសម្រាប់រោងចក្រ ហើយនឹងការបង្កើតការងារចំនួន ១០ ០០០កន្លែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម