Tesla គ្រោងពង្រីករោងចក្រ Giga Shanghai ដើម្បីផលិតមូដែលថ្មីតម្លៃជាង ២មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានរាយការណ៍ថាក្រុមហ៊ុន Tesla គ្រោងនឹងចាប់ផ្តើមការសាងសង់ឡើងវិញនៅដំណាក់កាលទីបីនៃរោងចក្រ Giga Shanghai ដែលមានបំណងផលិតរថយន្តម៉ូដែលថ្មីជាមួយតម្លៃត្រឹមតែ ២៥ ០០០ ដុល្លារ ។

កាលពីនៅក្នុងខែមេសា ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួននឹងសាងសង់រោងចក្រស្តុកថាមពលថ្មីមួយនៅក្នុងទីក្រុងសៀងហៃ ជាមួយនឹងទិន្នផលប្រចាំឆ្នាំ ៤០ ជីហ្គាវ៉ាត់ម៉ោងដោយចាប់ផ្តើមផលិតនៅត្រីមាសទីពីរនៃឆ្នាំ ២០២៤។ ខណៈនៅពេលនោះ Tesla មិនបាននិយាយអំពីផែនការណាមួយសម្រាប់ដំណាក់កាលទី ៣ នៃរោងចក្រ Giga នោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រោងចក្រ Giga Shanghai របស់ក្រុមហ៊ុន Tesla បច្ចុប្បន្នផលិតតែម៉ូដែល Model 3 និង Model Y ជាមួយសមត្ថភាពផលិតបានប្រចាំឆ្នាំ ១,១ លានគ្រឿង ហើយនៅចន្លោះខែមករាដល់ខែវិច្ឆិកា បានចែកចាយរថយន្តបាន ៨៥៣ ៦០៣ គ្រឿង កើនឡើង ៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រោងចក្រ Shanghai Tesla គឺជារោងចក្រផលិតដែលមានប្រសិទ្ធភាពបំផុតរបស់ក្រុមហ៊ុន Tesla ដោយចំណាយពេល ៣៧ វិនាទីសម្រាប់ការផលិតរថយន្តមួយគ្រឿង ដែលលឿនជាងនៅរោងចក្រនៅរដ្ឋតិចសាស់របស់ Tesla ចាយពេល ៧៦វិនាទីក្នុងការផលិតរថយន្តមួយគ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម