Tesla ត្រូវក្រុមហ៊ុន Stellantis ផ្ដួលបានសម្រេចលើទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុន Stellantis កំពុងតែរកចម្រើនឆ្ពោះទៅមុខខ្លាំង​ជាមួយ​ការ​លក់​រថយន្តអគ្គិសនី ដោយក្រុមហ៊ុន​នេះ​បាន​ផ្ដួល​ Tesla នៅក្នុងឆមាសទីមួយ សម្រាប់ការលក់ក្នុងទីផ្សារអឺរ៉ុប ហើយថែម​ទាំងតាមពីក្រោយក្រុមហ៊ុន Volkswagen Group យ៉ាងប្រកិតទៀតផង។

ក្រុមហ៊ុនដែលកើតចេញពីការ​រួមបញ្ចូលគ្នារវាង PSA Group និង Fiat Chrysler Automobiles នេះ អាចលក់រថយន្ត​អគ្គិសនី​សុទ្ធ​បាន​សរុប ១០៥ ៤១៣គ្រឿង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ធៀបនឹង Tesla លក់បាន ៧៨ ២៧៧គ្រឿង និង Volkswagen Group លក់បាន ១១៦ ៣០៧គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលលក់ដាច់ជាងគេរបស់ Stellantis នៅទីផ្សារអឺរ៉ុបគឺរថយន្ត Fiat 500 ស៊េរីថ្មី​ដែល​វាក៏ជារថយន្ត​អគ្គិសនី​សុទ្ធ​លក់​ដាច់​ជាងគេនៅអឺរ៉ុបប្រចាំត្រីមាសទីពីរផងដែរ។ នេះជាការកត់ត្រាលើកដំបូងដែលរថយន្តរបស់ Tesla មិន​បាន​ជាប់​ជា​រថយន្ត​លក់​ដាច់​ជាងគេចាប់តាំងពីត្រីមាស​ចុងក្រោយនៃឆ្នាំ២០២០មក។

ទោះបីជាចំនួនលក់របស់ Tesla នៅអឺរ៉ុបបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងពេលពីរឆ្នាំ ប៉ុន្តែ​រថយន្ត​ Tesla បាន​ជាប់​ចំណាត់​ថ្នាក់​កំពូលទាំងពីរប្រចាំ​ឆមាស​ដំបូងនៅអឺរ៉ុប ដោយរថយន្ត Model Y លក់ចេញបាន ៣៩ ៩៦៩គ្រឿង, Model 3 លក់​ចេញ​បាន ៣៨ ២៨០​គ្រឿង, Fiat 500 លក់ចេញបាន ៣២ ៣១៥គ្រឿង និង Peugeot e-208 លក់ចេញបាន ២១ ៩១៨គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម