Tesla ត្រូវ​បង់​ឲ្យ​ចិន​ ៣២៣ លាន​ដុល្លារ​ក្នុងមួយឆ្នាំ ថ្លៃ​ជួល​ដី​សង់​រោងចក្រ

តាម​ការ​ចុះ​ផ្សាយ​របស់​ Nikkei Asian Review បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​របស់​អាមេរិក​ Tesla យល់​ព្រម​បង់​ថ្លៃ​ប្រចាំ​ឆ្នាំ​ប្រមាណ ៣២៣ លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ចិន​ចាប់​ពី​ចុង​ឆ្នាំ ២០២៣ ជា​ថ្លៃ​ជួល​ដី​សង់​រោងចក្រ​​ផលិត​រថយន្ត​នៅ​ទីក្រុង​សៀងហៃ។

បន្ថែម​ពី​នេះ Tesla ក៏​​យល់​ព្រម​ថា​នឹង​វិនិយោគ​​ជា​ទឹក​ប្រាក់​ ២,០៤ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៥ ឆ្នាំ​បន្ទាប់​ លើ​រោងចក្រ​ថ្មី​នេះ​ផង​ដែរ។ ប្រសិន​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​ពីរ​នេះ Tesla នឹង​ត្រូវ​ប្រគល់​ដី​ដល់​រដ្ឋាភិបាល​ចិន​វិញ ហើយ​ត្រូវ​បង់​ថ្លៃ​សំណង​ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាល​ពី​ខែ​មករា​ រោងចក្រ​ផលិត​រថយន្ត​នៅ​សៀងហៃ​របស់ Tesla បាន​ធ្វើ​ការ​បុក​គ្រឹះ​សាង​សង់។ ក្រុមហ៊ុន​ជឿជាក់​ថា​ការ​ផលិត​រថយន្ត​នៅ​ចិន នឹង​អាច​ជួយ​កាត់​បន្ថយ​តម្លៃ​រថយន្ត​ Model 3 លក់​នៅ​ប្រទេស​ចិន​​ ថោក​ជាង​ការ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ ១៣%៕



ផ្ទាំងផ្សាយពាណិជ្ជកម្ម