
បើយោងតាមកាសែត The Wall Street Journal បានរាយការណ៍ថា ក្នុងពេលថ្មីៗនេះ បន្ទាប់ពីមានបញ្ហាផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង, ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla ដែលដឹកនាំដោយអ្នកគ្រប់គ្រងជនជាតិអូស្ត្រាលីគឺអ្នកស្រី Robyn Denholm បាន និងកំពុងធ្វើការទាក់ទងនូវក្រុមហ៊ុនជំនាញក្នុងការស្វែងរក CEO ថ្មីដើម្បីបំពេញតួនាទីជានាយកប្រតិបត្តិជំនួសលោក Elon Musk ។
ក្នុងនោះ បន្ទាប់ពីមានការរាយការណ៍នេះ ក្រុមហ៊ុន Tesla បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗថា ព័ត៌មាននេះគឺមិនពិតនោះទេ គឺលោក Elon Musk នឹងនៅតែជា CEO របស់ក្រុមហ៊ុន Tesla ដដែល។ ជាមួយគ្នានេះ លោក Elon Musk ខ្លួនឯងផ្ទាល់ក៏បានឆ្លើយតបផងដែរថា ការរាយការណ៍ព័ត៌មានដែលគ្មានទិន្នន័យច្បាស់លាស់បែបនេះគឺជាការបំពានសីលធម៌យ៉ាងខ្លាំងចំពោះលោក និងក្រុមហ៊ុន Tesla ។
គួរឲដឹងថា នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥, ក្រុមហ៊ុន Tesla បានជួបនឹងបញ្ហាផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងជាមួយនឹងការធ្លាក់ចុះប្រាក់ចំណូលប្រតិបត្តិចំនួន ៦៦ភាគរយ បន្ទាប់ពីការលក់ទូទាំងពិភពលោកបានធ្លាក់ចុះ ១៣ភាគរយ៕