កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្វើការប្រកាសជាផ្លូវការថា ពួកគេបានទទួលបានភាពជោគជ័យលើការបញ្ចប់កិច្ចដំណើរការលើការអនុម័តតេស្តស្តង់ដារសម្រាប់រថយន្តភីកអាប់ Tesla Cybertruck របស់ពួកគេនៅក្នុងប្រទេសចិនដោយទទួលបានវិញ្ញាបនប័ត្រផ្លូវការពីសំណាក់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) ។
ចំពោះការដាក់លក់រថយន្តភីកអាប់ Tesla Cybertruck នៅក្នុងប្រទេសចិន នឹងធ្វើឡើងនៅក្នុងពេលអនាគត បន្ទាប់ពីក្រុមហ៊ុន Tesla បានអនុវត្ត និងបំពេញតម្រូវការផ្លូវច្បាប់ និងសុវត្ថិភាពប្រចាំប្រទេសចិនជាស្តង់ដារ។
រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ២៧៦ សេះ និង ២៩៧ សេះ (ចំនួន២) ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៦១៨ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ ចំណែកការប្រើប្រាស់ថាមពលរបស់វាគឺ ២២,៦គីឡូវ៉ាត់ម៉ោង ក្នុងរយៈចម្ងាយបើកបរ ១០០ គីឡូម៉ែត្រ ឫ ២,៦លីត្រ ដែលមានតម្លៃប្រហែល ២ដុល្លារ ក្នុងរយៈចម្ងាយបើកបរ ១០០ គីឡូម៉ែត្រ។
ទោះជាយ៉ាងណា រថយន្តភីកអាប់ Tesla Cybertruck កំណែចិនអាចនឹងមានចម្ងាយបើកបរទាបជាងកំណែស្តង់ដារពី ១៥ ទៅ ៤០ភាគរយ ដោយសារនៅក្នុងប្រទេសចិនមានការផ្លាស់ផ្តូរអាកាសធាតុចុះឡើងៗខ្លាំងតាមស្ថានភាពជាក់ស្តែង។ លើសពីនេះទៅទៀត រថយន្តនេះ នឹងត្រូវការការអាប់ឌែតកែប្រែបន្ថែមដើម្បីធ្វើការចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន៕