[បរទេស] ការលក់ទូទាំងពិភពលោករបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក ។
ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី EV របស់សហរដ្ឋអាមេរិក លក់រថយន្តបានចំនួនតិចជាងមុន ដោយក្នុងឆ្នាំ ២០២៤ លក់បានចំនួន ១ ៧៨៩ ២២៦ គ្រឿង បើធៀបនឹងចំនួនសរុបនៅឆ្នាំ ២០២៣ ដែលលក់បានចំនួន ១ ៨០០ ០០០ លានគ្រឿង ។ លើសពីនេះ ការលក់សរុបនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ បានចំនួន ៤៩៥ ៥៧០ គ្រឿង ។
គួរឲ្យដឹងថា ចំនួនលក់សរុប ១ ៧៨៩ ២២៦ គ្រឿងនៅក្នុងឆ្នាំ ២០២៤ គឺបានពីការលក់របស់ Model Y និង Model 3 បានចំនួន ១ ៧០៤ ០៩៣ ខណៈម៉ូដែលផ្សេងៗទៀតដូចជា Model S, Model X និង Cybertruck បានចំនួន ៨៥ ១៣៣ គ្រឿងប៉ុណ្ណោះ ។
លើសពីនេះ ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញពីសុទិដ្ឋិនិយមអំពីអនាគតរបស់ក្រុមហ៊ុន ដោយព្យាករណ៍ថានឹងមានការកើនឡើងជាង ២០% នៃការលក់សម្រាប់ឆ្នាំ ២០២៥ ។