អស់រយៈពេលជាច្រើនឆ្នាំ Tesla Model 3 និង Model Y មានបំពាក់កាមេរ៉ានៅក្នុងរថយន្ត ប៉ុន្តែពួកវាមិនបានប្រើកាមេរ៉ានោះដើម្បីត្រួតពិនិត្យអ្នកបើកបរ ដោយប្រើប្រព័ន្ធ Autopilot ទេ។ ផ្ទុយទៅវិញ ឥឡូវអ្វីៗបានផ្លាស់ប្តូរហើយ។
នៅក្នុងការអាប់ដេតសូហ្វវែរថ្មីៗនេះ ក្រុមហ៊ុន Tesla បានបង្ហាញថា កាមេរ៉ានៅក្នុងរថយន្ត ដែលស្ថិតនៅពីលើកញ្ចក់មើលក្រោយ អាចមើលឃើញ និងដាស់តឿនភាពមិនប្រុងប្រយ័ត្នរបស់អ្នកបើកបរ នៅពេលដែលប្រើប្រាស់មុខងារ Autopilot។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកខាងលើ បានបន្ថែមទៀតថា កាមេរ៉ានោះមានប្រព័ន្ធទិន្នន័យរង្វិលជុំបិទជិត (closed loop data system) មានន័យថា រូបភាពដែលចាប់បានដោយកាមេរ៉ាខាងលើ នឹងមិនបែកធ្លាយចេញពីរថយន្តឡើយ។ លើសពីនេះទៅទៀត ប្រព័ន្ធរបស់ Tesla ក៏មិនអាចរក្សាទុកព័ត៌មានបានដែរ លុះត្រាតែអតិថិជនបើកការចែករំលែកទិន្នន័យ។
ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងប្រើប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរកម្រិតខ្ពស់ (advanced driver-monitoring systems) ដើម្បីធានាថាអ្នកបើកបរមិនប្រើប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិខុស ក្រុមហ៊ុន Tesla បានពឹងផ្អែកលើសេនស័រនៅក្នុងចង្កូត ដែលវាស់ពីកម្រិតបង្វិលជុំ។ សេនស័រទាំងនេះអាចត្រូវបានគេបោកបញ្ឆោតយ៉ាងងាយស្រួល។
លោក Jake Fisher នាយកជាន់ខ្ពស់ផ្នែកធ្វើតេស្តរថយន្ត នៅឯគេហទំព័រ Consumer Reports បានមានប្រសាសន៍ថា “ប្រព័ន្ធវាស់កម្រិតបង្វិលជុំនៅលើដៃចង្កូតរបស់ Tesla បច្ចុប្បន្នមិនអាចប្រាប់បានទេថា អ្នកបើកបរកំពុងមើលផ្លូវ ឬអត់។ ប្រសិនបើប្រព័ន្ធថ្មីនេះបង្ហាញថាមានប្រសិទ្ធិភាព វាអាចជួយការពារការរំខាន និងជាការកែលម្អដ៏សំខាន់មួយ សម្រាប់ផ្នែកសុវត្ថិភាព ពោលគឺអាចជួយសង្គ្រោះជីវិតមនុស្សបាន”៕