Tesla នៅតែនាំមុខគេខាងលក់ឡានប្រណីតនៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla មិនត្រឹមតែជាស្ដេចត្រាញ់លើទីផ្សាររថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្រុមហ៊ុនឈានមុខលើការលក់រថយន្តប្រណីតផងដែរ សម្រាប់នៅសហរដ្ឋអាមេរិក។

ផ្អែកតាម Automotive News Research & Data Center ទីផ្សាររថយន្តប្រណីតនៅសហរដ្ឋអាមេរិកប្រចាំត្រីមាសទីបីនៃឆ្នាំ២០២២នេះ មានទំហំ ៥៣៩ ៨០៧គ្រឿង ដែលក្នុងនោះរថយន្តរបស់ Tesla មានចំនួន ១១៤ ០០០គ្រឿង ឬស្មើនឹង ២១% នៃចំណែកទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លទ្ធផលរបស់ Tesla គឺខ្ពស់ជាងមុន ៤៧% បើប្រៀបទៅនឹងត្រីមាសទីបីនៃឆ្នាំ២០២១ ដែលមានន័យថាក្រុមហ៊ុនបានរីកចម្រើនយ៉ាងខ្លាំងក្លា មានចំណែកទីផ្សារកាន់តែធំឡើងៗ។

ជាការប្រៀបធៀប BMW ដែលជាក្រុមហ៊ុនរថយន្តប្រណីតមួយដែរ អាចលក់រថយន្តបាន ៧៨ ០៣១គ្រឿង ក្នុងត្រីមាសទីបី ដែលកើនឡើងត្រឹម ៣,២% ប៉ុណ្ណោះ។ ជាមួយលទ្ធផលនេះធ្វើឲ្យគម្លាតរវាង Tesla និង BMW នៅពេញមួយឆ្នាំ២០២២នេះ គឺមានរហូតដល់ជាង ១១២ ០០០គ្រឿង។

ដោយឡែក Mercedes-Benz ស្ថិតនៅចំណាត់ថ្នាក់លេខបីជាមួយចំនួនលក់ ៧២ ៣៨៩គ្រឿង កើនឡើង ៣១% តាមពីក្រោយដោយ Lexus ៦៧ ៥២៤គ្រឿង ថយចុះ ១៧% ខណៈដែល Audi លក់បាន ៣៩ ២៦៧គ្រឿង កើនឡើង ២០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម