[ទីផ្សារបរទេស] បន្ទាប់ពីបានបញ្ចុះតម្លៃរថយន្ត Tesla Model 3 និង Model Y ចំនួន ៣៧៥០ដុល្លារ កាលពីដើមខែរួចមក ពេលនេះ Tesla បានផ្ដល់ជូនការបញ្ចុះតម្លៃកាន់តែច្រើនជាងមុនគឺចុះថ្លៃដល់ ៧៥០០ដុល្លារ ប្រសិនបើរថយន្តត្រូវបានដឹកជញ្ជូននៅសហរដ្ឋអាមេរិកមុនដាច់ខែធ្នូ។
ការបញ្ចុះតម្លៃនេះត្រូវបានបង្ហាញលើវិបសាយរបស់ក្រុមហ៊ុន Tesla និងក្រោយពីក្រុមហ៊ុនបានផ្ដល់ជូនការសាកភ្លើងចម្ងាយ ១ម៉ឺនម៉ាយ ដោយឥតគិតថ្លៃនៅស្ថានីយសាកភ្លើងល្បឿនលឿនរបស់ខ្លួន។
ការផ្ដល់ជូនទាំងពីរនេះគឺភ្ជាប់មកជាមួយគ្នាហើយវាមានសុពលភាពត្រឹមតែខែធ្នូនេះប៉ុណ្ណោះ ដែលមានន័យថា Tesla ព្យាយាមអូសទាញអតិថិជនបន្ថែមឲ្យទិញរថយន្តរបស់ខ្លួនមុនឆ្នាំថ្មីចូលមកដល់។
ការចុះផ្សាយរបស់ស្ថាប័នព័ត៌មានមួយចំនួនយល់ឃើញថាការបញ្ចុះតម្លៃនេះគឺជាការឆ្លើយតបរបស់ Tesla ចំពោះមតិអវិជ្ជមានជុំវិញការទិញយកបណ្ដាញសង្គម Twitter ពីសំណាក់លោក Elon Musk ដែលជានាយកប្រតិបត្តិ Tesla។ ក្រោយការទិញយក តម្លៃហ៊ុនរបស់ Tesla បានថយចុះដែលធ្វើឲ្យវិនិយោគិនព្រួយបារម្ភពីអនាគតរបស់ Tesla៕