
ក្រុមហ៊ុន Tesla កំពុងប្រើប្រាស់បច្ចេកវិទ្យាអាប់ដេតតាមប្រព័ន្ធ (over-the-air) ដើម្បីដាក់ចេញមុខងារថ្មីមួយ។ មុខងារថ្មីនេះតម្លៃ ២ ០០០ដុល្លារ មានឈ្មោះថា Acceleration Boost គឺអាចរកទិញបានដោយផ្ទាល់តាមរយៈកម្មវិធី Tesla app ប្រើដើម្បីបង្កើមន ថាមពលបន្ថែមលើរថយន្ត Model Y Juniper ដែលត្រូវបានកែលម្អថ្មី។
កញ្ចប់អាប់ដេតនេះអាចបង្កើនកម្លាំងប្រមាណ ១០០សេះ បន្ថែមធ្វើរថយន្ដ Tesla Model Y អាចបើកបរកាន់តែលឿន ដើម្បីយកឈ្នះគូប្រជែងរបស់ខ្លួន។ កញ្ចប់ Acceleration Boost ត្រូវបានគេមើលឃើញថាជាស្ពានឆ្ពោះទៅកាន់ការបំពាក់លើម៉ូឌែល Model Y Performance នាពេលអនាគត។
ជាកញ្ចប់អាប់ដេតនេះ វានឹងកាត់បន្ថយពេលវេលាបង្កើនល្បឿន ដែលរថយន្ដនេះជាន់ស្ទុះពីកុងទ័រ ០-១០០ គ.ម/ម៉ោង ប្រើពេល ៤.៦ វិនាទី មកត្រឹមតែ ៤.២ វិនាទីប៉ុណ្ណោះ។ ការអាប់ដេតនេះក៏មានសម្រាប់ Model Y ជំនាន់មុនផងដែរ ហើយគឺជាមុខងារស្តង់ដារលើម៉ូដែល Launch Edition ថ្មី។
នេះជាយុទ្ធសាស្ត្រទីផ្សាររបស់ Tesla ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតធ្លាប់បានធ្វើរឿងស្រដៀងគ្នាបែបនេះដែរ។ ពួកគេបានផ្តល់ជម្រើសដូចគ្នានេះដល់ Model Y ជំនាន់ចាស់ផងដែរ ហើយគេជឿជាក់ថាអត្រាអ្នកទិញ (take rate) គឺខ្ពស់គួរសមសម្រាប់ការលល់កញ្ចប់អាប់ដេតបែបនេះ៕