ក្រុមហ៊ុន Tesla នឹងចំណាយប្រាក់ ៣,៦ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្រដ៏ធំរបស់ខ្លួននៅទីក្រុង Reno រដ្ឋ Nevada ដែលអាចចាប់ផ្តើមផលិតរថយន្តដឹក Semi អគ្គិសនីទាំងអស់នៅទីតាំងតែមួយ។
ការវិនិយោគនេះនឹងជំរុញការផលិតរបស់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះជាមួយការបន្ថែមនូវផ្ទៃដី ៤លានហ្វីតការ៉េ និងបន្ថែមបុគ្គលិកថ្មីចំនួន ៣ ០០០នាក់ ប៉ុន្តែ Tesla មិនបានបញ្ជាក់ថាតើ Semis ប៉ុន្មាននឹងត្រូវផលិតក្នុងមួយឆ្នាំនៅរោងចក្រ។
ការវិនិយោគនេះក៏នឹងត្រូវបានប្រើដើម្បីតម្លើងរោងចក្រផលិតអាគុយដែលអាចអោយផលិតបាន ១០០GWh នៃកោសិកា ៤៦៨០ របស់ក្រុមហ៊ុន។ ដែលនេះនឹងគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់រថយន្តធុនស្រាលចំនួន ១,៥ លានគ្រឿងក្នុងមួយឆ្នាំ ហើយវាក៏បានបង្ហាញពីការកើនឡើងនៃថាមពលពី ៣៧GWh ដែលរោងចក្រនេះផលិតនាពេលបច្ចុប្បន្ន។
Tesla មិនបានបញ្ចេញព័ត៌មានលម្អិតផ្សេងទៀតអំពីផែនការពង្រីករបស់ខ្លួនឡើយ ហើយក៏មិនបាននិយាយថាតើការតម្លើងគ្រឿងបរិក្ខារថ្មីដែលនឹងចាប់ផ្ដើមនៅពេលណា ឬនៅពេលណានឹងត្រូវបញ្ចប់ដែរ។
ការផលិត Tesla Semi បានចាប់ផ្តើមកាលពីចុងឆ្នាំមុនជាមួយនឹងគ្រឿងដំបូងដែលបានប្រគល់ទៅឱ្យក្រុមហ៊ុន PepsiCo និង Frito-Lay នៅក្នុងខែធ្នូ។ រថយន្តអគ្គិសនីទាំងអស់អាចធ្វើដំណើរបានចម្ងាយរហូតដល់ ៨០៥ គីឡូម៉ែត្រ ដោយការសាកមួយពេញ ជាមួយនឹងទម្ងន់ផ្ទុកសរុប ៣៧ ១៩៤គីឡូក្រាម។
ក្នុងនោះ បច្ចេកវិទ្យាសំខាន់មួយទៀតដែលរកឃើញនៅក្នុង Semi គឺស្ថាបត្យកម្ម 1,000-volt របស់វា ដែលអនុញ្ញាតឱ្យមានល្បឿនសាកលឿនតាមរយៈប្រព័ន្ធសាកអាគុយ ‘Megawatt’ ថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត។ ខណៈពេលដែលក្រុមហ៊ុន Tesla មិនបាននិយាយថាវានឹងចំណាយពេលយូរប៉ុណ្ណាដើម្បីសាកអាគុយរបស់ Semi នោះឡើយ៕