Tesla បំបែកកំណត់ត្រាលុយចំណេញជាថ្មីម្ដងទៀត ទោះពិភពលោកកំពុងជួបវិបត្តិខ្វះឈីប

Tesla បានបំបែកកំណត់ត្រាថ្មីទៀតហើយសម្រាប់ប្រតិបត្តិការប្រចាំត្រីមាសទីបីនៃឆ្នាំ២០២១នេះ ដោយអាចរកប្រាក់ចំណូលបានសរុប ១៣,៨ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណេញមានសរុប ១,៦២ពាន់លានដុល្លារ។

ត្រីមាសទីបីកាលពីឆ្នាំ២០២០ ក្រុមហ៊ុន Tesla រកប្រាក់ចំណេញបាន ៣៣១លានដុល្លារ ដែលធ្វើឲ្យប្រាក់ចំណេញត្រីមាសទីបីនៃឆ្នាំ២០២១នេះ មានការកើនឡើង៥ដងឯណោះ ខណៈដែលប្រាក់ចំណេញនេះក៏បានវាយបំបែកកំណត់ត្រាប្រាក់ចំណេញច្រើនបំផុតប្រចាំត្រីមាសដែល Tesla បានសាងបានកាលពីត្រីមាសទីពីរ ដែលពេលនោះទទួលបានប្រាក់ចំណេញ ១,១៤ពាន់លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការប្រកាសពីប្រាក់ចំណេញនេះ គឺក្រោយពី Tesla បានប្រកាសកាលពីដើមខែថាខ្លួនអាចលក់ចេញរថយន្តបាន ២៤១ ៣០០គ្រឿង កាលពីត្រីមាសទីបី ដែលមានកំណើន ៧២% ធៀបនឹងឆ្នាំមុន។

គួរដឹងថាគិតមកទល់ត្រីមាសទីបីនេះ Tesla លក់រថយន្តបានជិត ៦៣០ ០០០គ្រឿងហើយនៅក្នុងឆ្នាំ២០២១នេះ ដែល​តួលេខនេះបានវ៉ាដាច់តួលេខសរុបកាលពីឆ្នាំ២០២០ ដែលមានចំនួន ៤៩៩ ៥៥០គ្រឿង ហើយ Tesla នៅសល់ពេលវេលាបីខែទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម