
បន្ទាប់ពីបង្ហាញចេញនូវយុទ្ធសាស្ត្រថ្មីរបស់ខ្លួនដើម្បីកាត់បន្ថយតម្លៃរថយន្ត Tesla នៅក្នុងទីផ្សារអាស៊ី ពេលនេះ ក្រុមហ៊ុន Tesla បានប្រកាសចាប់ផ្តើមដាក់លក់ជាផ្លូវការនូវរថយន្ត Tesla Model 3 កម្រិតថវិកា ដែលផលិតនៅប្រទេសចិននៅក្នុងទីផ្សារកូរ៉េខាងត្បូងហើយ ដោយក្នុងនោះ គឺមានតម្លៃត្រឹមតែ ៤១,៩៩ លានវ៉ុនកូរ៉េ ឬ ២៨ ៣០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីទទួលបានការឧបត្ថម្ភធនពីសំណាក់រដ្ឋាភិបាល តម្លៃគឺបានធ្លាក់ចុះមកក្រោម ២៥ ៧០០ ដុល្លារប៉ុណ្ណោះ ពោលគឺជាតម្លៃទាបបំផុតក្នុងពិភពលោកសម្រាប់រថយន្ត Tesla ថ្មីមួយគ្រឿង។

ក្នុងនោះ បើប្រៀបធៀបទៅនឹងរថយន្ត Tesla Model 3 ប្រភេទ Long Range Rear-Wheel Drive ដែលបានដាក់លក់នៅទីផ្សារកូរ៉េខាងត្បូងកាលពីមុនក្នុងតម្លៃ ៣៥ ៧០០ដុល្លារ រថយន្ត Tesla Model 3 កម្រិតថវិកានេះ គឺមានតម្លៃថោកជាងប្រហែល ៧ ១០០ ដុល្លារ។
គួរបញ្ជាក់ថា បើទោះជាមានតម្លៃលក់ទាបក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុន Tesla ផ្ទាល់ ក៏បានធ្វើការកាត់បន្ថយនូវលក្ខណៈពិសេសជាច្រើនផងដែរ។ ចំណុចសំខាន់បំផុត គឺការកាត់បន្ថយចម្ងាយបើកបរពី ៥៨៣ គីឡូម៉ែត្រ មកត្រឹម ៣៨២ គីឡូម៉ែត្រប៉ុណ្ណោះ ពោលគឺថយចុះជាង ២០០ គីឡូម៉ែត្រឯណ្ណោះ។
ក្រៅពីនេះ សមត្ថភាពស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងវិញ ក៏មានភាពយឺតជាងមុនផងដែរ ពោលគឺបានកើនឡើងពី ៥,២ វិនាទី ទៅ ៦,២ វិនាទីឯណ្ណោះ ហើយជម្រើសថាសកង់ទៀតសោត គឺមានជម្រើសទំហំតែ ១៨ អ៊ីញប៉ុណ្ណោះ។

ខណៈផ្នែកខាងក្នុងវិញ ក៏មានការផ្លាស់ប្តូរផងដែរ ជាពិសេសគឺការផ្លាស់ប្តូរទៅប្រើកៅអីក្រណាត់ពណ៌ខ្មៅ ការដកមុខងារវិទ្យុចេញពីប្រព័ន្ធអេក្រង់កម្សាន្ត ការផ្លាស់ប្តូរកៅអីខាងមុខទៅជាការបញ្ជារដោយដៃ មានមុខងារកំដៅដដែល ប៉ុន្តែបាត់បង់មុខងារខ្យល់ចេញចូល ខណៈកៅអីខាងក្រោយត្រូវបានលុបមុខងារកំដៅទាំងស្រុង។
លើសពីនេះ ក៏មាននូវការកាត់បន្ថយផ្សេងៗទៀតជាច្រើនដូចជា ការដកអេក្រង់ខាងក្រោយទំហំ ៨ អ៊ីញ និងការបន្ថយឧបករណ៍បំពងសម្លេងពី ៩ ទៅ ៧ចំនុចផងដែរ៕























