[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការផ្តល់ជូនការសាក Supercharge ដែលអាចបើកបរបានចម្ងាយជាង ១៦ ០៩៣ គីឡូម៉ែត្រដោយឥតគិតថ្លៃ ដល់អតិថិជននៅសហរដ្ឋអាមេរិក និង ១០ ០០០ គីឡូម៉ែត្រដល់អតិថិជនក្នុងប្រទេសកាណាដា ដែលទទួលបានរថយន្ត Tesla ថ្មីនៅក្នុងខែនេះ។
ក្រុមហ៊ុន Tesla តែងតែជំរុញឲ្យមានការចែកចាយរថយន្តនៅចុងត្រីមាសនីមួយៗ ហើយជំរុញការលក់ជាមួយនឹងការលើកទឹកចិត្តផងដែរ។ ដោយក្នុងនោះ Tesla កំពុងផ្តល់ទៅលើ Model 3 និង Model Y នៅសហរដ្ឋអាមេរិករួចហើយដោយបញ្ចុះតម្លៃ ៧ ៥០០ ដុល្លារ សម្រាប់ការដឹកជញ្ជូននៅ ឬមុនថ្ងៃទី ៣១ ខែធ្នូ ហើយសង្ឃឹមថាការផ្តល់ជូន Supercharging ម៉ាយ/គីឡូម៉ែត្រ ដោយឥតគិតថ្លៃនឹងជួយបង្កើនការលក់បន្ថែមទៀត។
តាមពិតទៅ Tesla បានប្រកាសពីការផ្តល់ជូននេះដូចគ្នាទៅនឹងនៅចក្រភពអង់គ្លេសកាលពីសប្តាហ៍មុន ដោយបញ្ជាក់ថាពួកគេនឹងទទួលបានការសាកថ្ម Supercharge ដោយឥតគិតថ្លៃដែលអាចបើកបរបានចម្ងាយ ៩ ៦៥៦ គីឡូម៉ែត្រប្រសិនបើពួកគេដឹកជញ្ជូនមុនដំណាច់ឆ្នាំនេះ។
ការផ្តល់ជូនថ្មីរបស់ក្រុមហ៊ុន Tesla មានជាការធ្លាក់ចុះនៃតម្រូវការរថយន្តរបស់ក្រុមហ៊ុន។ នៅចុងត្រីមាសទី ៣ ក្រុមហ៊ុនបានចែកចាយរថយន្តចំនួន ៩០៨ ៥៧៣ គ្រឿង តិចជាងចំនួនដែលពួកគេបានចែកចាយនៅឆ្នាំ ២០២១។ នេះមានន័យថាគ្មានឱកាសដែលក្រុមហ៊ុននឹងសម្រេចបាននៅគោលដៅកើនឡើង ៥០% នៃការចែកចាយពីមួយឆ្នាំទៅមួយឆ្នាំ។
ខណៈដែរ ការផ្តល់ជូនការសាកថ្ម Supercharging ដោយឥតគិតថ្លៃនៅសហរដ្ឋអាមេរិក និងកាណាដា កើតឡើងភ្លាមៗបន្ទាប់ពី Tesla គ្រោងនឹងសាងសង់រោងចក្រថ្មីនៅក្នុងប្រទេសម៉ិកស៊ិកកូ។ ជាមួយគ្នានេះ ការផ្តល់ជូន Supercharging ឥតគិតថ្លៃនេះនឹងផុតកំណត់បន្ទាប់ពី ២ ឆ្នាំ ហើយមិនអាចផ្ទេរទៅម្ចាស់ថ្មីបានទេ៕