Tesla លក់ឡានផលិតនៅចិន បានជាង ៥ម៉ឺនគ្រឿង កាលពីខែមុន

សមាគមរថយន្តដឹកអ្នកដំណើរចិន China Passenger Car Association ហៅកាត់ថា CPCA បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla បានលក់រថយន្តដែលផលិតនៅក្នុងប្រទេសចិន ចំនួន ៥២ ៨៥៩ គ្រឿងក្នុងខែវិច្ឆិកា ដោយក្នុងនោះរួមទាំង ២១ ១២៧គ្រឿង សម្រាប់ការនាំចេញផងដែរ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Tesla ដែលកំពុងផលិតរថយន្ត Model 3 និង Model Y នៅទីក្រុងសៀងហៃ បានលក់រថយន្តផលិតនៅប្រទេសចិន ចំនួន ៥៤ ៣៩១ គ្រឿងក្នុងខែតុលា ដោយក្នុងនោះរួមទាំង ៤០ ៦៦៦គ្រឿង ត្រូវបាននាំចេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើប្រៀបធៀបជាមួយនឹងគូប្រជែង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Nio បនាលក់រថយន្តចំនួន ១០ ៨៧៨ គ្រឿងកាលពីខែមុន ដែលជាកំណត់ត្រាខ្ពស់ប្រចាំខែ ហើយ Xpeng បានចែកចាយរថយន្តចំនួន ១៥ ៦១៣ គ្រឿង។ ដោយឡែក ក្រុមហ៊ុន Volkswagen AG បាននិយាយថា ខ្លួនបានលក់រថយន្តអគ្គិសនីត្រកូល ID ច្រើនជាង ១៤ ០០០គ្រឿង នៅក្នុងប្រទេសចិន ក្នុងខែវិច្ឆិកា។

យ៉ាងណាមិញ CPCA បាននិយាយថា ការលក់រថយន្តដឹកអ្នកដំណើរក្នុងខែវិច្ឆិកា នៅក្នុងប្រទេសចិន មានចំនួនសរុប ១,៨៥ លានគ្រឿង ធ្លាក់ចុះ ១២,៥ ភាគរយ បើធៀបនឹងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម