Tesla លោត​នាំ​មុខ BMW ក្នុង​ការ​ប្រជែង ​ដើម្បី​ក្លាយ​ជា​ជើងឯក​ឡានប្រណីត

ក្រុមហ៊ុន Tesla បានខកខានក្នុងការក្លាយជាម៉ាករថយន្តប្រណីតឈានមុខគេរបស់អាមេរិក នៅឆ្នាំ ២០២១ នៅពេលដែលក្រុមហ៊ុន BMW បានឈរនៅលើកំពូលតារាង ប៉ុន្តែតួលេខដំបូងបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងធ្វើដំណើរឆ្ពោះទៅរកជ័យជម្នះឆ្នាំ ២០២២ ហើយ។

បើតាមតួលេខថ្មីពី Experian បង្ហាញថា ការចុះបញ្ជីការលក់នៅខែមករារបស់ក្រុមហ៊ុន Tesla បានកើនឡើងគួរឱ្យចាប់អារម្មណ៍ គឺ ៤៩ ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដល់ចំនួនសរុប ៣៧ ១៦២ គ្រឿង។ បើប្រៀបធៀបទៅ BMW មានការកើនឡើង ៨,២ ភាគរយ ដល់ ៣០ ៥៦៣ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួលេខរបស់ក្រុមហ៊ុន Tesla គឺគួរឱ្យចាប់អារម្មណ៍ ជាពិសេសនៅពេលដែលអ្នកពិចារណាថា វាលក់តែរថយន្តអគ្គិសនីទាំងស្រុង ខណៈពេលដែលចំនួនរថយន្ត BMW មានទាំងរថយន្តដែលបំពាក់ម៉ាស៊ីនចំហេះក្នុង និងរថយន្តកូនកាត់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យ​ចុង​ក្រោយ​របស់ Experian បង្ហាញ​ថា ​ការ​ចុះ​បញ្ជី​រថយន្ត Lexus បាន​ធ្លាក់​ចុះ ៦ ភាគរយ​មក​នៅ​ត្រឹម ២៤ ៨៤៣ គ្រឿងក្នុង​ខែ​មករា ប៉ុន្តែ​អ្នក​ចាញ់​ធំ​គឺ Mercedes ដែល​ឃើញ​ចំនួន​ធ្លាក់​ចុះ ២០ ភាគរយ ​មក​នៅ​ត្រឹមតែ ២២ ០២២ គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម