Tesla អាចនឹងការប្រកួតប្រជែងខ្លាំងនៅចិន ក្នុងឆ្នាំ ២០២១

នៅ​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Tesla អាច​លក់​រថយន្ត​បាន​ប្រហែល ១២​ម៉ឺន​គ្រឿង​ក្នុង​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ទីផ្សារ​ធំ​ទីពីរ​របស់ Tesla បន្ទាប់​ពី​សហរដ្ឋអាមេរិក។ ចំនួន​លក់​របស់ Tesla អាច​នឹង​មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន​ក្នុង​ឆ្នាំ ២០២១ ប៉ុន្តែ​ក៏​នឹង​រង​ការ​ប្រកួតប្រជែង​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​ច្រើន​ផង​ដែរ។

សមាគម​យានយន្ត​ចិន​បាន​ប៉ាន់​ស្មាន​ថា Tesla នឹង​អាច​លក់​រថយន្ត​បាន​ច្រើន​ដល់ ២៨​ម៉ឺន​គ្រឿង​នៅ​ប្រទេស​ចិន ដោយ​សារ​ Tesla កំពុង​ផលិត​រថយន្ត​មួយ​ម៉ូដែល​ទៀត​គឺ Tesla Model Y សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន។ លោក Elon Musk បាន​រំពឹង​ថា Model Y នឹង​អាច​លក់​ដាច់​បាន​ច្រើន​ជាង Model 3, Model S និង Model X រួម​បញ្ចូល​គ្នា​ទៅ​ទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្រប​ពេល​ដែល​ចំនួន​លក់​របស់ Tesla រំពឹង​ថា​កើន​ឡើង សមាគម​យានយន្ត​ចិន​បាន​ប៉ាន់​ស្មាន​ថា​នៅ​ឆ្នាំ ២០២១ នៅ​ប្រទេស​ចិន​នឹង​មាន​ការ​លក់​ចេញ​រថយន្ត​អគ្គិសនី​បាន ១,៧​លាន​គ្រឿង ដែល​មាន​ន័យ​ថា​នៅ​សេសសល់​ចំណែក​ទីផ្សារ ៨០% ទៀត​សម្រាប់​ក្រុមហ៊ុន​ដទៃ។ ក្រុមហ៊ុន​​ក្នុង​ស្រុក​ដែល​អាច​ជា​គូ​ប្រជែង​របស់ Tesla មាន​ដូច​ជា Nio, Xpeng និង Li ជា​ដើម។

មិន​មែន​តែ​ក្រុមហ៊ុន​ចិន​នោះ​ទេ​ដែល Tesla ត្រូវ​ព្រួយ​បារម្ភ​ ក្រុមហ៊ុន​រថយន្ត​ដទៃ​ទៀត​ដូច​ជា Volkswagen និង Mercedes-Benz ក៏​កំពុង​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​​បង្កើន​ចំនួន​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ផង​ដែរ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម