
មិនថានៅក្នុងខែមករា កុម្ភៈ ឬមិនា នោះឡើយ នៅក្នុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Tesla បានប្រឈមនឹងការលក់ធ្លាក់ចុះជាខ្លាំងនៅក្នុងទីផ្សារប្រទេសចិនដែលជាទីផ្សារធំបំផុតមួយសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន តែបើគិតក្នុងខែមេសាថ្មីៗនេះវិញ ក្រុមហ៊ុន Tesla បានប្រឈមមុខនឹងការលក់ធ្លាក់ចុះខ្លាំងជាងខែទាំងនោះទៅទៀត ពោលគឺនៅក្នុងខែមេសា Tesla បានលក់រថយន្តបានចំនួនត្រឹមតែ ២៨ ៧៣១ គ្រឿង ប៉ុណ្ណោះ នៅក្នុងប្រទេសចិន ធ្លាក់ចុះ ៨,៦% បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន និងធ្លាក់ចុះ ៦២,១% ពីខែមីនា
ចំណែកការនាំចេញវិញក៏បានធ្លាក់ចុះដែរ ដោយមានចំនួនត្រឹមតែ ២៩ ៧២៨ គ្រឿង ប៉ុណ្ណោះ ក្នុងខែមេសា។ ជាសរុប Tesla ប្រទេសចិនបានលក់រថយន្តបានចំនួនតែ ៥៨ ៤៥៩ គ្រឿង ប៉ុណ្ណោះ ក្នុងខែមេសា ដែលគឺធ្លាក់ចុះ ៦% ពីឆ្នាំមុន និង ២៦% ពីខែមីនា។ បើគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៥, Tesla លក់រថយន្តរបស់ខ្លួនបាន ២៣១ ២១៣ គ្រឿង ប៉ុណ្ណោះ នៅក្នុងទីផ្សារចិន ដែលធ្លាក់ចុះ ១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំពោះមូលហេតុសំខាន់នៃការធ្លាក់ចុះនេះ គឺដោយសារតែការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសចិន និងការខ្វះការច្នៃប្រឌិតក្នុងការចេញផលិតផលថ្មីរបស់ខ្លួន និងសម្ពាធតម្លៃខ្លាំងពីក្រុមហ៊ុនក្នុងស្រុក៕