Tesla អាចនឹងអស់អំណាចនៅឆ្នាំ២០២៤

[ទីផ្សារបរទេស] របាយការណ៍មួយចេញផ្សាយដោយស្ថាប័ន Bloomberg Intelligence បាន​អះអាងថា Volkswagen អាចនឹងយកឈ្នះ Tesla ក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានច្រើនជាងគេក្នុងលោកនៅក្នុងឆ្នាំ២០២៤ខាងមុខ។

របាយការណ៍បាន​និយាយថា VW Group បានត្រៀមប្រកាសចេញរថយន្តអគ្គិសនីចំនួន១៦ ក្នុងការប្រកួតប្រជែងជាមួយ Tesla។ ដើមឡើយ Bloomberg រំពឹងថា VW Group អាចយកឈ្នះ Tesla នៅឆ្នាំ២០២៣ ប៉ុន្តែរោងចក្រថ្មីរបស់ Tesla នៅ​អាល្លឺម៉ង់ និងនៅរដ្ឋតិចសាស់ នឹងជួយបង្កើនចំនួនលក់ក្នុងពេលប៉ុន្មានខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របាយការណ៍បានកត់ចំណាំថា VW Group បានលក់រថយន្តអគ្គិសនីបានជាង ៣១ម៉ឺនគ្រឿង នៅទូទាំងទ្វីបអឺរ៉ុប ក្នុង​ឆ្នាំ​២០២១ ច្រើន​ជាង​ចំនួន​លក់​ជាង ១៧ម៉ឺនគ្រឿងរបស់ Tesla។ យ៉ាងណាក្ដីវត្តមានរបស់ VW Group លើទឹកដីសហរដ្ឋអាមេរិក នៅ​មិន​ទាន់​ខ្លាំងក្លានៅឡើយទេ។ ដើម្បីក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំជាងគេ VW Group នឹងត្រូវ​ដណ្ដើមចំណែកទីផ្សារលើ​ទីផ្សារ​ដូចជាប្រទេសចិន និងនៅសហរដ្ឋអាមេរិកផងដែរ។

មិនមែនតែ VW Group នោះទេដែលកំពុងតែពង្រីកខ្លួនក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ដោយ Bloomberg សន្និដ្ឋានថាក្រុមហ៊ុន​ចិន BYD នឹងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំលំដាប់ទីបីក្នុងលោក សម្រាប់ឆ្នាំ២០២២នេះ និងបន្តកាន់កាប់តំណែងរហូត​ដល់​ឆ្នាំ​២០២៣, ២០២៤ និង ២០២៥ ថែមទៀតផង។

Bloomberg បានលើកឡើងថាទីផ្សាររថយន្តអគ្គិសនីនឹងមិនកើនឡើងឆាប់រហ័សដូចការព្យាករណ៍ដទៃឡើយ ដោយ​ស្ថាប័ននេះ​រំពឹងថានៅត្រឹមឆ្នាំ២០២៥ រថយន្តអគ្គិសនីនឹងមានចំណែក ១៥% ប៉ុណ្ណោះ ក្នុងចំណោមរថយន្តដែលលក់ចេញលើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម