[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍មកថាកំពុងរៀបចំផែនការចាប់ផ្ដើមការផលិតទ្រង់ទ្រាយធំនូវរថយន្ត Cybertruck នៅចុងឆ្នាំ២០២៣ រយៈពេល២ឆ្នាំក្រោយការកំណត់កាលពីលើកដំបូង។
Tesla បាននិយាយកាលពីខែមុនថា ខ្លួនកំពុងរៀបចំរោងចក្រផលិតនៅតិចសាស់ ដើម្បីផលិតរថយន្តម៉ូដែលថ្មី ដោយការប៉ាន់ស្មានដំបូង រំពឹងថាការផលិតនឹងចាប់ផ្ដើមពាក់កណ្ដាលឆ្នាំ២០២៣ ខណៈដែលឯកសារ Shareholder Deck កាលពីថ្មីៗនេះបានបញ្ជាក់ថារថយន្ត Cybertruck កំពុងស្ថិតក្រោមការត្រៀមសម្ភារៈសម្រាប់ផលិត។
ភ័ស្តុតាងទាំងនេះបង្ហាញថាការផលិតសាកល្បងទ្រង់ទ្រាយតូចច្បាស់ជាចាប់ផ្ដើមពាក់កណ្ដាលឆ្នាំ២០២៣ ប៉ុន្តែគេនៅរង់ចាំមើលថា Tesla នឹងអាចបង្កើនទំហំផលិតមុនដំណាច់ឆ្នាំ២០២៣ឬយ៉ាងណា។
កាលបរិច្ឆេទខាងលើនេះ មានន័យថាអតិថិជនដែលបានកក់ទិញរថយន្ត Cybertruck នឹងត្រូវរង់ចាំយ៉ាងហោចណាស់មួយឆ្នាំទៀតទើបបីទទួលបានរថយន្តយកទៅប្រើប្រាស់។
តាំងពីរថយន្ត Cybertruck បង្ហាញវត្តមានដំបូងកាលពីចុងឆ្នាំ២០១៩ Tesla បានលើកពេលផលិតអស់ចំនួនបីលើក គឺលើកពីចុងឆ្នាំ២០២១ ទៅចុងឆ្នាំ២០២២ បន្ទាប់មកលើកទៅដើមឆ្នាំ២០២៣ និងចុងក្រោយគឺពាក់កណ្ដាលឆ្នាំ២០២៣៕