
[ទីផ្សារបរទេស] Tesla ទទួលបានជោគជ័យយ៉ាងខ្លាំងលើទីផ្សារសហរដ្ឋអាមេរិកប្រចាំឆ្នាំ២០២១ ដែលបានក្លាយជាក្រុមហ៊ុនរថយន្តប្រណីតល្បីជាងគេលំដាប់ទីពីរក្នុងប្រទេស ហើយទិន្នន័យពីទីផ្សារអឺរ៉ុបឃើញថាជោគជ័យរបស់ Tesla នៅឆ្នាំ២០២១គឺពិតមិនធម្មតា។
បើតាមតួលេខពី Jato Dynamics បានបង្ហាញថា Tesla បានលក់រថយន្ត Model 3 ចេញបាន ១៤១ ៤២៩គ្រឿង នៅអឺរ៉ុបក្នុងឆ្នាំ២០២១ ធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីតែមួយគត់ដែលជាប់ក្នុងតំណែងរថយន្តលក់ដាច់ជាងគេទាំង៥០ប្រចាំនៅអឺរ៉ុប។
ចំនួនលក់របស់ Model 3 បានធ្វើឲ្យវាជាប់ចំណាត់ថ្នាក់ទី១៧ នៅ ក្នុងតារាងកំពូលទាំង៥០ ខណៈដែលអ្នកគ្រងតំណែងលេខមួយគឺរថយន្ត VW Golf ដែលមានចំនួនលក់ ២០៥ ៤០៨គ្រឿង។ រថយន្តអគ្គិសនី Sedan នេះបានផ្ដួលរថយន្ត Peugeot 3008, Volkswagen Tiguan, Mercedes A-class និងរួមទាំងរថយន្ត 3-Series ផងដែរ។
សរុបជារួមពេញមួយឆ្នាំ២០២១ ក្រុមហ៊ុន Tesla អាចលក់រថយន្តបាន ១៦៧ ៩៦៩គ្រឿង នៅអឺរ៉ុប ដែលមានកំណើន ៧០,៩% ឯណោះ ខណៈដែលក្រុមហ៊ុន BMW មានកំណើន ១,៣% និង VW Group មានការធ្លាក់ចុះចំនួនលក់ ៣,៤% ធៀបនឹងឆ្នាំ២០២០៕