រថយន្ត Tesla Model 3 ស៊េរីឆ្នាំ ២០២១ បានចេញលក់ជាផ្លូវការដោយមានការផ្លាស់ប្ដូររូបរាងតិចតួចបំផុត ដូចជាផ្លាស់ប្ដូរកង់ថ្មីដែលមានជម្រើសទំហំពី ១៨អ៊ីញ ទៅ ២០អ៊ីញ, មានការប្រើប្រាស់ក្រូម៉េពណ៌ខ្មៅលើដៃរថយន្ត និងស៊ុមបង្អួច ដែលជំនួសឲ្យក្រូម៉េភ្លឺ និងមានបន្ថែមឃ្លុបដាក់ឥវ៉ាន់បិទ/បើកអូតូផងដែរ។
ការផ្លាស់ប្ដូរធំគឺនៅផ្នែកខាងក្នុង ដោយប្រភេទ Standard Range Plus នាពេលនេះអាចជិះបានចម្ងាយប្រមាណ ៤២៣គីឡូម៉ែត្រ កើនឡើងលើសមុន ២១គីឡូម៉ែត្រ។ យ៉ាងណាក្ដីការស្ទុះពី ០-៩៦គ.ម/ម៉ ដោយចំណាយពេល ៥,៣វិនាទី និងល្បឿនអតិបរមា ២២៥គ.ម/ម៉ មិនមានផ្លាស់ប្ដូរឡើយ។
ចំណែក Model 3 Long Range Dual Motor AWD អាចបើកបរបានចម្ងាយ ៥៦៨គីឡូម៉ែត្រ ដែលឆ្ងាយជាងមុន ៥០គីឡូម៉ែត្រ។ បន្ថែមពីនេះការស្ទុះពី ០-៩៦គ.ម/ម៉ ប្រើរយៈពេលត្រឹម ៤,២វិនាទី ដែលលឿនជាងមុន ០,២វិនាទី ប៉ុន្តែល្បឿនអតិបរមានៅមានត្រឹម ២៣៣គ.ម/ម៉ ដដែល។
ចុងក្រោយគេ Model 3 Performance Dual Motor AWD អាចជិះបានឆ្ងាយជាងមុន ២៦គីឡូម៉ែត្រ ដោយពេលនេះជិះបានប្រមាណ ៥០៧គីឡូម៉ែត្រ និងស្ទុះលឿនជាងមុន ០,១វិនាទី ពោលប្រើពេល ៣,១វិនាទី។
រថយន្ត Tesla Model 3 ឆ្នាំ ២០២១ នាពេលនេះបានបើកទទួលការកុម្ម៉ង់ ដោយមានតម្លៃចាប់ពី ៣៧ ៩៩០ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក៕