ចំនួនលក់រថយន្តថ្មីនៅអឺរ៉ុបបានកើនឡើងដល់ ១៥ ៧៥៧ ៤១២ គ្រឿង កាលពីឆ្នាំមុន ដែលជាលទ្ធផលល្អបំផុតមិនធ្លាប់មានក្នុងពេលជាង ១០ ឆ្នាំកន្លងមកនេះ។
ផ្អែកតាមតួលេខបានពី JATO Dynamics វាគឺជាកំណើនរយៈពេល ៦ ឆ្នាំជាប់គ្នា ដោយលក់បានលើសឆ្នាំ ២០១៨ ចំនួន ១៧១ ៤៥២ គ្រឿង។ ទីផ្សាររថយន្តធំជាងគេគឺអាល្លឺម៉ង់ ចក្រភពអង់គ្លេស និងបារាំង ដែលតាមពីក្រោយដោយអ៊ីតាលី និងអេស្ប៉ាញ។
គួរដឹងថាក្នុងចំណោមរថយន្តថ្មីដែលលក់ចេញ មាន ២៨% គឺជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលវាស្មើនឹង ៣៥៦ ៣០០ គ្រឿង។ វាគឺជាកំណត់ត្រាថ្មីសម្រាប់រថយន្តអគ្គិសនី ហើយ JATO Dynamics បានលើកសរសើរ Tesla Model 3 ដែលនាំឲ្យមានកំណើននេះ។
JATO Dynamics កត់សម្គាល់ថានៅឆ្នាំដំបូងក្នុងទីផ្សារអឺរ៉ុប រថយន្ត Model 3 ទទួលបានជោគជ័យខ្លាំង ក្លាយជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធដែលលក់ដាច់ជាងគេ។ អឺរ៉ុបបានទិញយករថយន្តនេះជាង ៩៥ ០០០ គ្រឿង ធ្វើឲ្យវាក្លាយជារថយន្តពេញនិយមលំដាប់លេខ ៥១ នៅទ្វីបអឺរ៉ុប៕