មកហើយៗ! Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ជាមួយការឌីស្សាញថ្មី និងបើកបរបានចម្ងាយឆ្ងាយជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរថយន្ត Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ជាមួយការឌីស្សាញថ្មី និងបើកបរបានចម្ងាយឆ្ងាយជាងមុន មានតម្លៃលក់ចាប់ពី ៣៥ ៨០០ ដុល្លារ ដល់ ៤០ ៨០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ត្រូវបានឌីស្សាញថ្មីដែលជួយដល់ប្រព័ន្ធ aerodynamic ជាមួយផ្នែកខាងក្រៅទទួលបានផ្នែកខាងមុខថ្មី រួមទាំងរូបរាងចង្កៀងមុខថ្មីរាងស្លីមជាងមុន គម្របម៉ាស៊ីនខាងមុខយកចេញពីរថយន្ត Roadster ព្រមទាំងចង្កៀងក្រោយប្រភេទ LED ក៏ត្រូវបានរចនាថ្មី ជាមួយជម្រើសថាសក់ងស្ព័រថ្មីទំហំ ១៨ អ៉ីញប្រភេទ Photon និងប្រភេទ Nova ទំហំ ១៩ អ៉ីញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងនៅតែប្រើប្រាស់ការរចនាបែប minimalistic មានភាពប្រណិតជាងមុន និងមានភាពស្ងាត់ជាងមុន ដោយសារបានធ្វើឲ្យប្រសើរឡើងនៅកញ្ចក់ការពារសំឡេង និងសម្ភារៈការពារសំឡេង។ ខណៈនៅលើតាប្លូមានមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ សម្រាប់បញ្ជាមុខងារទាំងមូល និងមានអេក្រង់ផ្នែកខាងក្រោយទំហំ ៨ អ៉ីញថ្មីសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតខ្សែរចំនួន ២ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅឧបករណ៍បំពងសំឡេងចំនួនដល់ទៅ ១៧ ចំនុច ភ្លើងលម្អថ្មី និងមានទំហំធំជាងមុនពី ៥៦១ លីត្រ ទៅ ៥៩៤ លីត្រ ។

សម្រាប់ Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ត្រូវបានផ្តល់ជូនជា ២ ប្រភេទរួមមាន

  • ម៉ូដេលប៉ុង ១ (RWD) ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៦០ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ អាចបើកបរបាន ៦០៦ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • ម៉ូដែលប៉ុង ២ (AWD) ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៤៤៣ សេះ និងកម្លាំងរមួល ៥៥៩ ញ៉ូតុនម៉ែត្រ អាចបើកបរបាន ៧១៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ ខណៈ ទំហំអាគុយសម្រាប់ម៉ូដែលទាំង ២ នេះ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម