Tesla Model X ឆ្នាំ២០២១ បានដាក់លក់ក្នុងតម្លៃចាប់ពី ៨ម៉ឺនដុល្លារ

ក្រុមហ៊ុន Tesla បានធ្វើការងាអាប់ដេតថ្មីលើ Model X នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ រថយន្ត Tesla Model X ឆ្នាំ ២០២១ មានពីរប្រភេទគឺ Long Range និង Plaid។ ដោយប្រភេទ Long Range មានតម្លៃចាប់ពី ៨៣,១៩០ ដុល្លារ និង Plaid មានតម្លៃចាប់ពី ១១៣,១៩០ ដុល្លារ។

រថយន្ត Tesla Model X ប្រភេទ Plaid បានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ដែលមានកម្លាំងសរុប ១ ០២០ សេះ ដែលស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ២,៥ វិនាទី និងមានល្បឿនអតិបរមា ២៦២គ.ម/ម៉ ហើយអាចបើកបរបានចម្ងាយ ៥៤៧ គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែករថយន្ត Tesla Model X ប្រភេទ Long Range បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលមានកម្លាំងសរុប ៦៧០ សេះកម្លាំង ដែលស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣,៧ វិនាទី និងមានល្បឿនអតិបរមា ២៥០គ.ម/ម៉ ហើយអាចបើកបរបានចម្ងាយ ៥៧៩ គីឡូម៉ែត្រ។

សម្រាប់រថយន្ដ Tesla Model X ឆ្នាំ ២០២១ មិនមានការផ្លាស់ប្តូរច្រើននោះទេ រថយន្តនៅតែរក្សានូវការរចនារថយន្តប្រភេទ Coupe-hybrid SUV តួគឺមិនខ្ពស់ពេក ហើយទ្វារបើកចេញជាទម្រង់ស្លាបរបស់បក្សី។ បន្ថែមពីនេះ ក៏បានបំពាក់ថ្មីជាមួយ Fog Lights, កាងផ្នែកខាងមុខ-ខាងក្រោយថ្មី និងថាសកង់រាងដូចអក្សរ V ចំនួន ៥ Spoke។ ព្រមទាំងអាប់ដេតផ្នែកខាងក្នុងអោយកាន់តែទំនើបជាងមុន ដោយបំពាក់ថ្មីនូវអេក្រង់កម្សាន្ត Touchscreen ទំហំ ១៧អ៊ីញ, Automatic climate control ៣​​ តំបន់, ប្រព័ន្ធសំឡេង ២២ចំណុច ដែលមានកម្លាំង ៩៦០ វ៉ាត់, រន្ធសាកថ្មទូរស័ព្ទឥតខ្សែ ចំនួន២, អេក្រង់បង្ហាញទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តនៅផ្នែកខាងក្រោយទំហំ ៨អ៊ីញផងដែរ។

បន្ថែមពីនេះ សម្រាប់ Model X ឆ្នាំ ២០២១ អតិថិជនអាចជ្រើសរើសកំណត់នូវជម្រើសកៅអី ៥, ៦ ឬ ៧ កៅអីបានផងដែរ ហើយក្រុមហ៊ុនក៏បានអាប់ដេតថ្មីលើ កម្មវិធីបញ្ជារថយន្តពីចម្ងាយ និងប្រព័ន្ធ Autopilot Driver Assistanceផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម