Tesla Model Y រំពឹងអាចយកឈ្នះ Toyota Corolla ក្លាយជាឡានលក់ដាច់ជាងគេនៅឆ្នាំ២០២៣

[ទីផ្សារបរទេស] និយាយក្នុងអង្គប្រជុំម្ចាស់​ភាគ​ហ៊ុន​ប្រចាំឆ្នាំរបស់ Tesla លោក Elon Musk ជានាយកប្រតិបត្តិ​ក្រុមហ៊ុន​បាន​អះអាងថារថយន្ត Model Y នឹងក្លាយជារថយន្តលក់ដាច់ជាងគេគិតលើប្រាក់ចំណូលនៅក្នុងឆ្នាំ២០២២នេះ ហើយ​ឆ្នាំ​២០២៣វា​នឹង​ក្លាយ​ជារថយន្តលក់ដាច់ជាងគេគិតលើចំនួនលក់សរុប។

បច្ចុប្បន្ននេះ Toyota Corolla គឺជារថយន្តដែលលក់ចេញបានច្រើនជាងគេក្នុងលោក ដោយកាលពី​ឆ្នាំ​២០២១ អាច​លក់​ចេញ​បាន​ប្រមាណ ១,១៥លាន​គ្រឿង ខណៈដែល Tesla ជារួមអាចលក់រថយន្តបានសរុប ៩៣៦ ២២២គ្រឿង កាលពីឆ្នាំ​២០២១។

ពាណិជ្ជកម្ម

យ៉ាងណាក្ដីការលក់របស់ Tesla បាន​បន្តកើនឡើងឥតឈប់ឈរ ហើយនៅ​ឆ្នាំ​២០២២នេះ ក្រុមហ៊ុន​រំពឹងថាអាចលក់​រថយន្ត​បាន​សរុប ១,៣​លាន​គ្រឿង ដោយ​មាន​ក្ដី​សង្ឃឹមថា​រថយន្ត Model Y នឹងក្លាយជារថយន្តលក់ដាច់ជាងគេលើ​ចំនួនលក់។

រថយន្ត Model Y បន្តទទួលបាន​ជោគជ័យ ទោះបី​ជាវាមានតម្លៃថ្លៃក្ដី ដោយ​ពីមុនមកមិនធ្លាប់មានរថយន្តតម្លៃ ៧ម៉ឺនដុល្លារ (ទីផ្សារ​បរទេស) អាច​លក់​ចេញ​បាន​ប្រមាណ ១៥ម៉ឺនគ្រឿង ក្នុងមួយត្រីមាសនោះទេ៕

Sponsored