[ទីផ្សារបរទេស] និយាយក្នុងអង្គប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ Tesla លោក Elon Musk ជានាយកប្រតិបត្តិក្រុមហ៊ុនបានអះអាងថារថយន្ត Model Y នឹងក្លាយជារថយន្តលក់ដាច់ជាងគេគិតលើប្រាក់ចំណូលនៅក្នុងឆ្នាំ២០២២នេះ ហើយឆ្នាំ២០២៣វានឹងក្លាយជារថយន្តលក់ដាច់ជាងគេគិតលើចំនួនលក់សរុប។
បច្ចុប្បន្ននេះ Toyota Corolla គឺជារថយន្តដែលលក់ចេញបានច្រើនជាងគេក្នុងលោក ដោយកាលពីឆ្នាំ២០២១ អាចលក់ចេញបានប្រមាណ ១,១៥លានគ្រឿង ខណៈដែល Tesla ជារួមអាចលក់រថយន្តបានសរុប ៩៣៦ ២២២គ្រឿង កាលពីឆ្នាំ២០២១។
យ៉ាងណាក្ដីការលក់របស់ Tesla បានបន្តកើនឡើងឥតឈប់ឈរ ហើយនៅឆ្នាំ២០២២នេះ ក្រុមហ៊ុនរំពឹងថាអាចលក់រថយន្តបានសរុប ១,៣លានគ្រឿង ដោយមានក្ដីសង្ឃឹមថារថយន្ត Model Y នឹងក្លាយជារថយន្តលក់ដាច់ជាងគេលើចំនួនលក់។
រថយន្ត Model Y បន្តទទួលបានជោគជ័យ ទោះបីជាវាមានតម្លៃថ្លៃក្ដី ដោយពីមុនមកមិនធ្លាប់មានរថយន្តតម្លៃ ៧ម៉ឺនដុល្លារ (ទីផ្សារបរទេស) អាចលក់ចេញបានប្រមាណ ១៥ម៉ឺនគ្រឿង ក្នុងមួយត្រីមាសនោះទេ៕