[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Tesla Model Y Launch Series ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៥៩ ៩៩០ ដុល្លារ ។
Tesla Model Y Launch Series លក់នៅក្នុងសហរដ្ឋអាមេរិកជាប្រភេទ Long Range AWD សាកថ្មពេញម្តង អាចបើករបានចម្ងាយ ៥១៥ គីឡូម៉ែត្រ ខណៈម៉ូទ័រ និងទំហំអាគុយ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។
ដូចទៅនឹងម៉ូដែល Y ថ្មីដែលដាក់លក់នៅលើទីផ្សារអន្តរជាតិ ម៉ូដែលពិសេសរបស់សហរដ្ឋអាមេរិកបានមកដល់ជាមួយនឹងការអាប់ដេតដូចគ្នាទាំងអស់ សម្រាប់ការផ្លាស់ប្តូរផ្នែកខាងក្រៅទទួលបានការបំផុសគំនិតពីម៉ូដែល Cybertruck និង Cybercab robotaxi ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មីបែប Unique រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ ដល់ ២០អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងនៅតែប្រើប្រាស់ការឌីស្សាញបែប Minimalistic និងបានអាប់ដេតជាមួយនឹងដៃចង្កូតថ្មី កញ្ចក់អេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥,៤ អ៉ីញសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអេក្រង់ touchscreen ទំហំ ៨អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving កម្រិតទី ៤ ទៀតផង ៕