Tesla Model Y L ៦កៅអីផលិតនៅចិន ដាក់លក់ជាផ្លូវការជាមួយតម្លៃជាង៤មុឺនដុល្លារ

ក្រុមហ៊ុន Tesla បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ដ Model Y L ផលិតនៅប្រទេសចិន ជាមួយនឹងតម្លៃចាប់ផ្តើម ៣៣៩ ០០០យន់ ឬស្មើនិងប្រហែល ៤៧ ១២០ ដុល្លារ។ រថយន្តនេះត្រូវបានដាក់បង្ហាញជាប្រភេទ SUV អគ្គិសនីសុទ្ធ ៦កៅអី និងមានទំហំធំជាងមុន ហើយទទួលបានអាប់ដេតប្រព័ន្ធព័ត៌មានដំណើរការនិងការរៀបចំរចនាផ្នែកខាងក្នុងឲ្យកាន់តែល្អជាងមុន។

Tesla Model Y L officially launched: price, features, and moreមែនទែនទៅរថយន្ត Model Y L មានការផ្លាស់ប្តូរបន្តិចបន្តួចបើប្រៀបធៀបទៅនឹងរថយន្ត Model Y។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ដំបូលរថយន្តនេះត្រូវបានរចនាឡើងវិញ ហើយកាងនៅផ្នែកខាងក្រោយក៏ត្រូវបានរចនាឡើងវិញផងដែរ ដើម្បីឱ្យមើលទៅកាន់តែស្វាហាប់។ ការកែលម្អលើរូបរាងបែបនេះបានជួយសម្រួលដល់ប្រព័ន្ធលំហូរខ្យល់ aerodynamic ធ្វើឲ្យវាមានមេគុណនៃការកកិត​ជាមួយខ្យល់ (drag coefficient) ត្រឹមតែ ០.២១៦។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីរូបរាងវិញរថយន្ត Model Y L មានប្រវែងតួខ្លួនសរុប ៤ ៩៧៦ មម, ទទឹង ១ ៩២០មម, កម្ពស់ ១ ៦៦៨មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៤០មម។ រថយន្ដនេះត្រូវបានបំពាក់ដោយពោងសុវត្ថិភាព ៣ជួរ។ ផ្ទៃការពារសរុបរបស់ពោងសុវត្ថិភាពមានទំហំ ៣.៩ ម៉ែត្រ ដែលគ្របដណ្តប់ជាង ៩៥% នៃបណ្តោយកាប៊ីនរថយន្ត។

បន្ថែមពីនេះរថយន្ត Model Y L ផ្តល់នូវទំហំផ្ទុកឥវ៉ាន់អតិបរមាដែលអាចពង្រីកបានរហូតដល់ ២៥៣៩ លីត្រ។ ទំហំនេះអនុញ្ញាតឱ្យដាក់វ៉ាលីទំហំ ២៤ អុីញបានពីរ និងវ៉ាលីទំហំ ២០ អុីញបានមួយ។ នៅពេលបត់កៅអីជួរទីបី ទំហំផ្ទុកអាចពង្រីកបានដើម្បីដាក់វ៉ាលីទំហំ ២៨ អុីញបានបួន និងវ៉ាលីទំហំ ២០ អុីញបានពីរ។

ផ្នែកខាងក្នុងនៃរថយន្ត Model Y L បានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៦ អុីញថ្មី កន្លែងសាកថ្មឥតខ្សែនៅផ្នែកខាងមុខត្រូវបានកែលម្អ ដើម្បីគាំទ្រការសាកថ្មលឿន។ ប្រព័ន្ធសំឡេងក៏ត្រូវបានរចនាឡើងវិញផងដែរ ដោយមានឧបករណ៍បំពងសំឡេងថ្មីនៅកុងសូលកណ្តាល និងឧបករណ៍បំពងសំឡេងបន្ថែមពីរគ្រាប់ទៀតនៅផ្នែកខាងលើ។ អ្វីមិនខ្វះបាននៅផ្នែកខាងក្រោយក៏បានបំពាក់ជាមួយរន្ធសាកថ្ម (Charging ports) សម្រាប់កៅអីនីមួយៗនៅជួរទីពីរ និងទីបី។

សម្រាប់កម្រិតសមត្ថភាពវិញ រថយន្ត Model Y L ដំ​ណើរដោយម៉ូទ័រអគ្គិសនីចំនួន២ AWD។ ម៉ូទ័រខាងមុខអាចផលិតកម្លាំងអតិបរមា ១៤២ គីឡូវ៉ាត់ (១៩០ សេះ) រីឯម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន ១៩៨ គីឡូវ៉ាត់ (២៦៦ សេះ) អនុញ្ញាតឲ្យរថយន្តនេះបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤.៥ វិនាទីប៉ុណ្ណោះ។ រថយន្ត Model Y L ត្រូវបានបំពាក់ដោយអាគុយ Lithium ប្រភេទ ternary ទំហំ ៨២ គីឡូវ៉ាត់ម៉ោង សាកមួយពេញអាចបើកបានចម្ងាយ ៧៥១គីឡូម៉ែត្រ គិតស្ដង់ដារវាស់ចម្ងាយ CLTC និងមានកម្រិតសុីថាមពល ១២.៨ គីឡូវ៉ាត់ម៉ោង/១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម