[ទីផ្សារបរទេស] កាលពីខែកញ្ញា រថយន្តថ្មីដែលចុះបញ្ជីនៅអាល្លឺម៉ង់បានកើនឡើង ១៤% ធៀបនឹងខែកញ្ញាឆ្នាំ២០២១ ដោយកើនឡើងដល់ ២២៤ ៨១៦គ្រឿង ធ្វើឲ្យចំនួនលក់ពេញមួយឆ្នាំ២០២២នេះ មានសរុប ១ ៨៦៧ ៨៨៥គ្រឿង (ថយចុះ ៧,៤%)។
ក្នុងនោះដែរ រថយន្តប្រភេទសាកភ្លើងបាន បាននាំមុខរថយន្តដទៃទៀត និងបោះជំហានឆ្ពោះទៅបំបែកកំណត់ត្រា ដែលទំនងជាអាចសម្រេចបាននៅចុងឆ្នាំ២០២២នេះ។
កាលពីខែកញ្ញា រថយន្តសាកភ្លើងចំនួន ៧២ ៧២៥គ្រឿង បានចុះបញ្ជីនៅអាល្លឺម៉ង់ ដែលកើនឡើង ២៩% ធៀបនឹងឆ្នាំកន្លងទៅ ស្របពេលដែលទំហំទីផ្សារបានកើនឡើងដល់ ៣២,៣% (ធៀបនឹង ២៨,៧% កាលពីឆ្នាំ២០២១)។
ទាំងរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV សុទ្ធតែបានកត់សម្គាល់ពីការកើនឡើង ដោយរថយន្តអគ្គិសនីសុទ្ធកើនបាន ៣២% និងរថយន្ត PHEV កើនបាន ២៤%។
រថយន្តប្រភេទសាកភ្លើងមិនត្រឹមតែជាមានចំណែកទីផ្សារធំជាងរថយន្ត Hybrid (៣០,៤%) នោះទេ ប៉ុន្តែថែមទាំងបាននាំមុខរថយន្តប្រើសាំង (៣២,២%) និងរថយន្តប្រើម៉ាស៊ូត (១៧%) ថែមទៀតផង។
គួរចាប់អារម្មណ៍ផងដែរថា ខែកញ្ញាគឺជាខែដែលរថយន្ត Tesla Model Y ក្លាយជារថយន្តលក់ដាច់ជាងគេនៅអាល្លឺម៉ង់ ជាមួយចំនួនចុះបញ្ជីដែលជាកំណត់ត្រាថ្មីគឺ ៩ ៨៤៦គ្រឿង ខណៈដែលរថយន្ត Volkswagen Golf មានចំនួនចុះបញ្ជីសរុប ៧ ០៩៥គ្រឿង៕