មេក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់ថា ខ្លួនមានគម្រោងចង់ផលិតរថយន្តអគ្គិសនី ដែលមានតម្លៃត្រឹមតែ ២៥ ០០០ដុល្លារប៉ុណ្ណោះ។
យោងតាមលោក Mush ឲ្យដឹងថា រថយន្តអត់ប្រើសាំងដែលមានតម្លៃថោកសមរម្យនោះ នឹងប្រើបន្ទះថ្ម “Tabless Battery Cells” ថ្មីរបស់ Tesla។
ទោះជាយ៉ាងណាក៏ដោយ Tesla មិនទាន់បានបង្ហាញព័ត៌មានលម្អិតច្រើនអំពីរថយន្តនោះឡើយ ប៉ុន្តែលោក Musk បានអះអាងបន្ថែមថា វានឹងអាចបើកបរដោយស្វ័យប្រវត្តិ។ មិនតែប៉ុណ្ណោះ បុរសវ័យ៤៩ឆ្នាំខាងលើបានបន្ថែមថា រថយន្តនេះនឹងអាចចេញលក់ក្នុងរយៈពេលត្រឹម ៣ឆ្នាំទៀត។
យ៉ាងណាក៏ដោយ វាមិនមែនជាលើកដំបូងឡើយដែលលោក Musk បាននិយាយអំពីរថយន្តអគ្គិសនីតម្លៃ ២៥ ០០០ដុល្លារ។ កាលពីឆ្នាំ២០១៨ លោកធ្លាប់បានប្រាប់ថា រថយន្តអគ្គិសនីតម្លៃ ២៥ ០០០ដុល្លារ គឺជាអ្វីដែល Tesla អាចធ្វើ៕