Tesla គ្រោងបន្ថែមចម្ងាយបើកបរលើ Model Y សរុបដល់ ៦៤០គ.ម

ជាមួយនឹងចម្ងាយបើកបរ ៣២៦ម៉ាយ៍ ឬ ៥២៥គីឡូម៉ែត្រ រថយន្ត Tesla Model Y Long Range គឺជារថយន្ត Tesla ដែលមានចម្ងាយបើកបរតិចជាងគេបំផុត។ បើប្រៀបធៀបជាមួយនឹង Model 3 Long Range គឺអាចស៊ូបាន ៣៥៣ម៉ាយ៍ ឬ ៥៦៨គីឡូម៉ែត្រ និង Model S Long Range អាចបានដល់ ៤០៥ម៉ាយ៍ ឬ ៦៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័ររថយន្តរបស់ប្រទេសអូស្ត្រាលី The Driven បានអះអាងថា ក្រុមហ៊ុន Tesla កំពុងតែមានគម្រោងបន្ថែមចម្ងាយបើកបរដល់ Model Y ស្របពេលដែលបច្ចេកវិទ្យាអាគុយបន្តរីកចម្រើនកាន់តែប្រសើរជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា Tesla នឹងបន្ថែមម៉ូដែល Super Long Range ដល់ត្រកូល Model Y ដែលបានចុះឈ្មោះនៅក្នុងប្រទេសចិនរួចស្រេច ហើយវានឹងមានចម្ងាយបើកបរដល់ ៦៤០គីឡូម៉ែត្រ ឬប្រហែល ៣៩៧ម៉ាយ៍។

ប្រសិនបើវាកើតឡើងមែននោះ បានន័យថា រថយន្ត Model Y ថ្មីនឹងមានចម្ងាយបើកបរឆ្ងាយជាងគូប្រជែង ដូចជា Ford Mustang Mach-E California 1 (៣០៥ម៉ាយ៍) និង Volkswagen ID.4 (២៥០ម៉ាយ៍) ជាដើម។

មិនតែប៉ុណ្ណោះ ប្រភពខាងលើក៏បានឲ្យដឹងទៀតថា Model Y ប្រភេទ Super Long Range នឹងប្រើម៉ូទ័រអគ្គិសនីចំនួន ២ ដោយម៉ូទ័រមុខមានកម្លាំង ១៨៣សេះ និងម៉ូទ័រក្រោយមានកម្លាំង ២៤៦សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម