Tesla បានចាប់ផ្ដើមការផលិតរថយន្តនៅរោងចក្រ Fremont រដ្ឋ California កាលពីចុងសប្ដាហ៍ទៅ ទោះបីជាមានវិធានការបិទខេត្តក្រុងនៅតំបន់ Alameda ជាតំបន់ដែលរោងចក្រស្ថិតក្នុងក្ដី។
បុគ្គលិក Tesla ពីររូបបានប្រាប់ដល់ The Verge ឲ្យដឹងថា Tesla ផលិតបានសម្រេចនូវរថយន្ត Model Y និង Model 3 ប្រមាណ ២០០គ្រឿង កាលពីចុងសប្ដាហ៍។ សកម្មភាពនេះកើតមានក្រោយពីលោក Elon Musk ប្រាប់នៅលើ Twitter ថា Tesla បានប្ដឹងរដ្ឋាភិបាលនៃតំបន់ Alameda ដែលចេញវិធានាការឲ្យពលរដ្ឋស្ថិតនៅផ្ទះ និងសច្ចាថានឹងរើរោងចក្រផលិតចេញពី California ទៀតផង។
នៅលើ Twitter លោក Elon Musk ក៏មានបញ្ជាក់ថា Tesla ពិតជាបានបន្តការផលិតឡើងវិញផ្ទុយពីបទបញ្ជារបស់រដ្ឋាភិបាលតំបន់ Alameda មែន ហើយនិយាយថាប្រសិនបើមានការចាប់ខ្លួន ចាប់តែលោកម្នាក់បានហើយ។
មកទល់ពេលនេះមិនទាន់ឃើញមានការចាត់វិធានការអ្វីពីរដ្ឋាភិបាលតំបន់ Alameda នៅឡើយទេចំពោះការល្មើសនឹងបទបញ្ជារបស់ Tesla។ រដ្ឋាភិបាលតំបន់ Alameda បានបញ្ជាក់ថាប្រសិនបើ Tesla ល្មើសនឹងបទបញ្ជា វាគឺជាការសម្រេចចិត្តរបស់ស្នងការនគរបាល Fremont ថាគួរចាត់វិធានការតាមផ្លូវច្បាប់បែបណា៕