[ទីផ្សារបរទេស] ប្រសិនបើ Tesla អាចសម្រេចគោលដៅ បង្កើតការលក់ទ្វេដងនៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំនេះ នោះក្រុមហ៊ុនប្រាកដជាអាចយកឈ្នះក្រុមហ៊ុនរថយន្តធំៗដទៃ ដូចជាក្រុមហ៊ុនចាស់វស្សា Toyota ជាដើម។
Tesla បាននិយាយថាខ្លួននឹងបង្កើនការលក់គុណនឹងពីររៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០២២នេះ នឹងត្រូវសម្រេចការលក់ឲ្យបានដល់ ៨ម៉ឺនគ្រឿង ដែលនេះគឺជាតួលេខអស្ចារ្យមួយ ព្រោះថារោងចក្រផលិតរថយន្ត Tesla នៅទីក្រុងប៊ែរឡាំង មិនទាន់បើកដំណើរបានយូរប៉ុន្មានឡើយ។
រំលឹកថា Tesla អាចលក់រថយន្តបានប្រមាណ ៤ម៉ឺនគ្រឿង នៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០២១។ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២នេះ Tesla បានបញ្ចេញលក់រថយន្តបានប្រមាណ ២,៥ម៉ឺនគ្រឿង។ ចំណែករោងចក្រនៅអាល្លឺម៉ង់ បានបើកដំណើរការកាលពីខែមីនាកន្លងទៅ ហើយការលក់របស់ Tesla នៅអាល្លឺម៉ង់ឃើញថាកើនឡើងជិត ៤០%។
រោងចក្រ Tesla នៅឯអាល្លឺម៉ង់ គឺមានផលិតតែរថយន្ត Tesla Model Y ប៉ុណ្ណោះ ដោយការផលិតនាពេលនេះមានទំហំ ១ពាន់គ្រឿងក្នុងមួយសប្ដាហ៍ ជាមួយគោលដៅផលិតឲ្យបាន ២ពាន់គ្រឿង និងឡើងដល់ ៥ពាន់គ្រឿង នៅត្រឹមឆមាសដំបូងនៃឆ្នាំ ២០២៣៕