Tesla ដំឡើងថ្លៃ Option បើកស្វ័យប្រវត្តិពេញទី ម្ដងទៀត

Tesla បាន​ដំឡើង​ថ្លៃ​ម្ដង​ទៀត​សម្រាប់​ Option “Full Self-Driving” (បើក​បរ​ស្វ័យប្រវត្តិ​ពេញ​ទី) នៃ​ប្រព័ន្ធ​ Autopilot លើ​រថយន្ត​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា ដែល​ម្ដង​នេះ​ដំឡើង​ថ្លៃ​ចំនួន ១ពាន់​ដុល្លារ។

ដូច​នេះ​អតិថិជន Tesla ដែល​ធ្វើ​ការ​កុម្ម៉ង់​រថយន្ត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា នឹង​ត្រូវ​ថែម​លុយ ៨ពាន់​ដុល្លារ ប្រសិន​បើ​ចង់​បាន​ Option ពិសេស​ខាង​លើ​ បំពាក់​លើ​រថយន្ត​របស់​ខ្លួន។ លោក Elon Musk បាន​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​ការ​ដំឡើង​ថ្លៃ​ចុង​ក្រោយ​នោះ ដែល​មាន​ន័យ​ថា​នៅ​ថ្ងៃ​ខាង​មុខ Option នេះ​នឹង​បន្ត​ឡើង​ថ្លៃ​ទៀត ដែល​អាច​​ឡើង​ថ្លៃ​លើស​ពី ១០ម៉ឺន​ដុល្លារ​ក៏​ថា​បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​សារព័ត៌មាន The Verge បាន​និយាយ​ថា ហេតុផល​មួយ​ដែល​លោក Elon Musk ឲ្យ​តម្លៃ​លើ “Full Self-Driving” ខ្ពស់​បែប​នេះ​ គឺ​ដោយ​សារ​សមត្ថភាព “Robotaxi” ដែល​នឹង​មាន​លើ​​ប្រព័ន្ធ​នេះ​នា​ថ្ងៃ​ខាង​មុខ។ ពេល​ដែល​ការ​អភិវឌ្ឍន៍​លើ​ “Full Self-Driving” បញ្ចប់​រួច​រាល់ អ្នក​ប្រើ​ប្រាស់​រថយន្ត Tesla នឹង​អាច​ប្រើ​រថយន្ត​របស់​ខ្លួន​ធ្វើ​ជា​តាក់ស៊ី​បើកបរ​ដោយ​ស្វ័យប្រវត្តិ​បាន។

ម្ចាស់​ Tesla ធ្លាប់​បាន​និយាយ​ពី​មុន​មក​ថា ម្ចាស់​រថយន្ត​ Tesla នឹង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​ដល់ ៣ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពេល​ដែល​សេវាកម្ម​ Robotaxi ចាប់​ផ្ដើម​ដំណើរ​ការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម