[បរទេស] យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា វិស្វករ និងបុគ្គលិកផលិតកម្មចំនួន ២០០ នាក់ពីរោងចក្រសៀងហៃដែលទើបនឹងកែលម្អថ្មីរបស់ក្រុមហ៊ុន Tesla ក្នុងប្រទេសចិន នឹងត្រូវបញ្ជូនទៅរោងចក្រផលិតរថយន្តអគ្គិសនីនៅ Fremont រដ្ឋកាលីហ្វ័រញ៉ា ដើម្បីជួយជំរុញការផលិត និងកាត់បន្ថយពេលវេលាចែកចាយដល់អតិថិជនរបស់ខ្លួននៅទីផ្សារសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា ថ្មីៗនេះ Tesla បានធ្វើបច្ចុប្បន្នភាពលើរោងចក្រ Gigafactory របស់ខ្លួននៅក្នុងទីក្រុងសៀងហៃដែលកំណត់ទិសដៅកើនឡើង ៥០% ក្នុងការចែកចាយ។ សមត្ថភាពផលិតនៅទីក្រុងសៀងហៃបានកើនឡើងដល់ប្រមាណ ១ លានគ្រឿងក្នុងមួយឆ្នាំ បើធៀបនឹង ៦៥០ ០០០ គ្រឿងនៅរោងចក្រ Fremont។ សូមចំណាំថា រោងចក្រ Shanghai របស់ក្រុមហ៊ុន Tesla ផលិតតែ Model 3 និង Model Y ប៉ុណ្ណោះ ខណៈពេលដែលរោងចក្រកាលីហ្វ័រញ៉ាផលិតរថយន្តអគ្គិសនីទាំងអស់។
ការធ្វើឲ្យប្រសើរឡើងដែលបានចំណាយពេលប្រហែល ៥ សប្តាហ៍ ដោយបានចែកចាយរថយន្តចំនួន ៨៣ ១៣៥ គ្រឿងនៅក្នុងប្រទេសចិនកាលពីខែកញ្ញាឆ្នាំមុន។ ការជំរុញផលិតកម្មបានរួមចំណែកដល់ការរង់ចាំរយៈពេលខ្លីនៅក្នុងប្រទេសចិនពីកម្រិតខ្ពស់បំផុតនៃ ២២ សប្តាហ៍កាលពីដើមឆ្នាំនេះមកត្រឹមតែ ១-៤ សប្តាហ៍។ ខណៈ នៅសហរដ្ឋអាមេរិកនៅតែមានរយៈពេលយូរ ដោយអូសបន្លាយដល់ខែមេសា ឆ្នាំ ២០២៣ សម្រាប់ Tesla Model Y ដោយសារមានបញ្ហាក្នុងការដឹកជញ្ជូនរថយន្តរបស់ខ្លួននៅសហរដ្ឋអាមេរិក។
ក្រៅពីរោងចក្រ Gigafactories នៅសៀងហៃ និងកាលីហ្វ័រញ៉ា ក្នុងនោះ Tesla ក៏មានរោងចក្រនៅប្រទេសអាឡឺម៉ង់ និងរដ្ឋ Texas ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តនេះបានចែកចាយរថយន្តសរុបចំនួន ៣៤៣ ៨៣០ គ្រឿងក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ ហើយរំពឹងថានឹងបញ្ចប់ឆ្នាំនេះជិតដល់គោលដៅរបស់ខ្លួនសម្រាប់កំណើន ៥០% បើធៀបនឹងឆ្នាំ ២០២១៕