
[បរទេស] Tesla បានបង្ហាញចេញនូវម៉ូឌែលថ្មី Model 3 ប្រភេទ Long Range RWD នៅក្នុងប្រទេសចិន ដោយអាចបើកបរបានចម្ងាយខ្ទង់ ៨៣០គ.ម នៅពេលសាកពេញម្តង នេះបើយោងតាមការតេស្តពី CLTC ជាមួយតម្លៃចាប់ពី ៣៧ ៩៥០ដុល្លារ។
សម្រាប់ជម្រើសថ្មីដែលជាម៉ូឌែលជិះបានឆ្ងាយជាងគេរបស់ Tesla នេះបំពាក់ជាមួយកញ្ចប់អាគុយរបស់ LG ទំហំ ៧៨,៤kWh និងអាចជាន់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ោង ចាយពេលត្រឹម ៥,២វិនាទីប៉ុណ្ណោះ ពោលលឿនជាងម៉ូឌែល RWD ធម្មតា ដែលចាយពេលរហូតដល់ទៅ ៦,១វិនាទី។
ជាមួយការចេញលក់នូវម៉ូឌែលថ្មីដែលអាចបើកបរបានឆ្ងាយនេះ Tesla ក៏បានធ្វើការអាប់ដេតទៅលើ Model 3 Performance AWD ដោយបានបន្ថែមនូវចម្ងាយបើកបរពី ៦២៣គ.ម ទៅដល់ ៦៤៧គ.ម ប៉ុន្តែតម្លៃក៏កើនឡើងផងដែរ ដោយចាប់ពី ៤៧ ៨៥០ដុល្លារ៕