Tesla ប្រឈមនឹងការផាកពិន័យ ១៤លានដុល្លារ ជុំវិញការកែឆ្នៃអាគុយឡាន

ទីភ្នាក់ងារការពារបរិស្ថាន Environmental Protection Agency ឬហៅកាត់ថា EPA បានផ្ញើសេចក្តីជូនដំណឹងមួយទៅក្រុមហ៊ុន Tesla ក្នុងខែនេះ ដោយប្រាប់ថា ពួកគេខកខានមិនបានធ្វើរបាយការណ៍ដែលបញ្ជាក់ថា ខ្លួនអនុលោមតាមស្តង់ដារនៃការបំភាយថ្នាំកូតលើផ្ទៃរថយន្ត។

ទោះជាយ៉ាងណា ក្រុមហ៊ុន Tesla បានបង្ហាញសេចក្តីជូនដំណឹងរបស់ EPA នៅក្នុងឯកសាររបាយការណ៍ត្រីមាសទី១ របស់ខ្លួន ហើយនិយាយថា ពួកគេបានឆ្លើយតបរាល់សំណើរព័ត៌មានពី EPA និងបដិសេធការចោទប្រកាន់នេះទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើក៏បានបន្ថែមទៀតថា ពួកគេមិនរំពឹងថានឹងមានផលប៉ះពាល់ជាអវិជ្ជមានដល់អាជីវកម្មរបស់ខ្លួនទេ ប៉ុន្តែលទ្ធផលពីការជូនដំណឹងរបស់ EPA នៅតែមិនទាន់កំណត់។

ដោយឡែក ទីភ្នាក់ងារបរិស្ថានអាល្លឺម៉ង់ UBA ក៏បានចេញការពិន័យជាទឹកប្រាក់ចំនួន ១២ លានអឺរ៉ូ (១៤,៥ លានដុល្លារ) ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Tesla នៅប្រទេសអាល្លឺម៉ង់ដែរ ដោយចោទប្រកាន់ពួកគេពីបទមិនគោរពតាមបទប្បញ្ញត្តិក្នុងស្រុក ស្តីពីការប្រមូលយក និងកែឆ្នៃអាគុយរថយន្តឡើងវិញ។

នៅក្នុងឯកសាររបាយការណ៍ត្រីមាសទី១ ខាងលើដដែលនោះ ក្រុមហ៊ុន Tesla បានអះអាងថា ខ្លួនពិតជាបានប្រមូលយកកញ្ចប់អាគុយរថយន្តមកវិញមែន ហើយថាខ្លួនបានជំទាស់ទៅនឹងការសម្រេចចិត្តរបស់ទីភ្នាក់ងារអាល្លឺម៉ង់ ដូច្នេះចំនួនទឹកប្រាក់ចុងក្រោយនៃការពិន័យណាមួយ នៅតែមិនទាន់បានសម្រេច។

គួរឲ្យដឹងដែរថា វាមិនមែនជាបញ្ហាតែមួយគត់ទេដែលក្រុមហ៊ុន Tesla កំពុងប្រឈមមុខនៅក្នុងប្រទេសអាល្លឺម៉ង់ ព្រោះថាក្រុមហ៊ុននេះអាចប្រឈមនឹងការពិន័យពីរដ្ឋាភិបាលនៅទីនោះជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម