
ក្រុមហ៊ុន Tesla បានបោះជំហានចូលប្រទេសឥណ្ឌា ដែលជាទីផ្សាររថយន្តធំបំផុតទី៣ កាលពីខែកក្កដា ដោយពេលនោះទទួលបានការកក់រថយន្តចំនួនជាង ៦០០គ្រឿង គិតមកដល់ពាក់កណ្តាលខែកញ្ញា។ ប៉ុន្តែមកដល់ពេលនេះ Tesla ទើបតែបានលក់រថយន្តបានប្រមាណ ១០០គ្រឿងប៉ុណ្ណោះ ដែលជា Model Y។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ Tesla បានបើកដំណើរការមជ្ឈមណ្ឌលលក់ និងសេវាកម្មធំបំផុតរបស់ខ្លួន នៅក្រុង Gurugram ប្រទេសឥណ្ឌា ដែលជាយុទ្ធសាស្រ្តថ្មីជំរុញការលក់ បន្ទាប់ពីមើលឃើញចំនួនលក់រថយន្តខ្លួនខ្សោយបែបនេះ។
លោក Sharad Agarwal ប្រធានក្រុមហ៊ុន Tesla ប្រចាំប្រទេសឥណ្ឌា បានបញ្ជាក់ថា Tesla បានជួយកាត់បន្ថយការចំណាយរបស់អតិថិជនខ្លួននូវការថែទាំរថយន្ត ពោលគឺម្ចាស់រថយន្ត Tesla មិនចាំបាច់ត្រូវមកក្រុមហ៊ុនដើម្បីត្រួតពិនិត្យនោះទេ ព្រោះភាគច្រើនបំផុតនៃសេវាកម្ម គឺអាប់ដេត Software ពីចម្ងាយតែម្តង។ បន្ថែមលើសនេះ បើអតិថិជនសាកភ្លើងរថយន្ត Tesla តែនៅផ្ទះ នោះការចំណាយទាបបំផុត ស្មើនឹង ១ភាគ១០ នៃតម្លៃសាំង។
ការពិតទៅ Tesla មានគោលដៅយកចំណែកទីផ្សារឲ្យបានត្រឹម ៥% ប៉ុណ្ណោះ ក្នុងប្រទេសឥណ្ឌា។ ត្បិតថា ឥណ្ឌាជាទីផ្សាររថយន្តធំមែន ប៉ុន្តែរថយន្តភាគច្រើនដែលលក់ក្នុងប្រទេសមួយនេះ មានតម្លៃក្រោម ២២ ០០០ដុល្លារ ខណៈតម្លៃរថយន្ត Tesla Model Y គឺជិត ៧ម៉ឺនដុល្លារឯណោះ។

បើតាមទិន្នន័យរបស់សហព័ន្ធនៃសមាគមដេប៉ូចែកចាយរថយន្តក្នុងប្រទេសឥណ្ឌា ឲ្យដឹងថា គិតចាប់ពីខែកញ្ញា ដល់ខែតុលា Tesla លក់រថយន្តបានចំនួន ១០៩គ្រឿង គិតតិចជាង VinFast របស់វៀតណាមទៅទៀត ដែលលក់បាន ១៣៧គ្រឿង៕






















