[ទីផ្សារបរទេស] ការលក់រថយន្តរបស់ Tesla ប្រចាំត្រីមាសទីបីនៃឆ្នាំ២០២២នេះ ទទួលបានលទ្ធផលទាបជាងការរំពឹងទុករបស់អ្នកវិភាគ ប៉ុន្តែនៅតែច្រើនជាងមុន បើធៀបនឹងត្រីមាសទីបីនៃឆ្នាំ២០២១។
ក្នុងត្រីមាសទីបីនៃឆ្នាំនេះ Tesla អាចផលិតរថយន្តបានសរុប ៣៦៥ ៩២៣គ្រឿង និងដឹករថយន្តជូនអតិថិជនបាន ៣៤៣ ៨៣០គ្រឿង។ ក្នុងចំណោមរថយន្តដែលផលិតបាន មានរថយន្ត ១៩ ៩៣៥គ្រឿង គឺជា Model S និង Model X ឯរថយន្តចំនួន ៣៤៥ ៩៨៨គ្រឿង ទៀតគឺជា Model 3 និង Model Y។ សម្រាប់ការដឹកជញ្ជូនវិញ មានរថយន្ត ១៨ ៦៧២គ្រឿង គឺជា Model S និង Model X ហើយរថយន្ត ៣២៥ ១៥៨គ្រឿង គឺជា Model 3 និង Model Y។
ដើម្បីជាការប្រៀបធៀប Tesla អាចផលិតរថយន្តបាន ២៣៧ ៨២៣គ្រឿង ក្នុងត្រីមាសទីបីនៃឆ្នាំ២០២១ ដោយដឹកជញ្ជូនបានចំនួន ២៤១ ៣០០គ្រឿង ផងដែរ។
Tesla និយាយថាខ្លួនមានបញ្ហាក្នុងការដឹកជញ្ជូនរថយន្តនៅពេញមួយត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដែលជាលទ្ធផលធ្វើឲ្យប៉ះពាល់ដល់តួលេខរបស់ខ្លួន។ Tesla មិនមែនត្រូវបារម្ភតែលើការផលិត និងការដឹកនោះទេ ប៉ុន្តែក៏ត្រូវបារម្ភចំពោះការដំឡើងថ្លៃរថយន្ត ដែលអ្នកវិភាគជឿជាក់ថានឹងធ្វើឲ្យមានការប៉ះពាល់កាន់តែខ្លាំង។
គួរដឹងថា Tesla ចង់បង្កើនការដឹកជញ្ជូនឲ្យបាន ៥០% ជារៀងរាល់ឆ្នាំ ហើយដើម្បីសម្រេចផែនការសម្រាប់ឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងត្រូវដឹកជញ្ជូនរថយន្តឲ្យបានលើសពី ៤៥ម៉ឺនគ្រឿង នៅក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២២៕