ក្រុមហ៊ុនផលិតរថយន្តរបស់សហហរដ្ឋអាមេរិច Tesla បានធ្វើការហៅរថយន្តរបស់ខ្លួនចំនួន ៤៧៥ ០០០គ្រឿង ដែលរួមមានរថយន្ត Tesla Model 3 និង Tesla Model S ត្រឡប់ទៅវិញ ដោយសារតែមានបញ្ហាទៅលើកាំមេរ៉ាមើលក្រោយ និងគម្របឃ្លុបដាក់ឥវ៉ាន់នៅផ្នែកខាងមុខ។
យោងតាមឯកសារផ្លូវការចេញពី NHTSA បានបង្ហាញថារថយន្ត Model 3 ដែលមានបញ្ហាទៅលើកាំមេរ៉ាមើលក្រោយ មានចំនួន ៣៥៦ ៣០៩គ្រឿង ដោយត្រូវបានផលិតឡើងនៅចន្លោះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០។ ចំណែកឯរថយន្ត Model S មានបញ្ហាទៅលើគម្របឃ្លុបដាក់ឥវ៉ាន់នៅផ្នែកខាងមុខមានចំនួន ១១៩ ០០៩គ្រឿង ព្រមទាំងផលិតឡើងនៅចន្លោះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៤ និងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១។ ហើយបើតាមការប៉ាន់ស្មានសម្រាប់រថយន្តដែលអាចមានបញ្ហាកើតឡើងគឺមានចំនួន ១ភាគរយសម្រាប់ Model 3 និង ១៤ភាគរយ សម្រាប់ Model S។
ចំពោះបញ្ហាទៅលើ Tesla Model 3 បណ្តាលមកពីខ្សែ Coaxial របស់កាមេរ៉ាខាងក្រោយអាចរងផលប៉ះពាល់រាល់ពេលដែលឃ្លុបត្រូវបានបើក ឬបិទ ដែលប៉ះពាល់ដល់រូបភាពបង្ហាញនៅអេក្រង់ខាងមុខ។ ចំណែក Tesla Model S មានបញ្ហាទៅលលគម្របនៃឃ្លុបអាចបើកដោយគ្មានសញ្ញាព្រមាន ដែលអាចធ្វើអោយបិទបាំងអ្នកបើកបរពីការមើលផ្លូវ ដែលនាំអោយមានហានិភ័យកើតឡើង។
ក្រុមហ៊ុន Tesla នឹងផ្តល់នូវសេវាកម្មដោយមិនគិតថ្លៃ បន្ទាប់ពីបានជូនដំណឹងដល់ម្ចាស់យានយន្តដែលរងផលប៉ះពាល់តាមរយៈ Mail ដែលចាប់ផ្តើមពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២៕