Tesla អាចនឹងកាន់កាប់ចំណែកទីផ្សារឡានអគ្គិសនីនៅអាមេរិកបានត្រឹម ២០% ប៉ុណ្ណោះត្រឹមឆ្នាំ២០២៥

[ទីផ្សារបរទេស] កាលពីឆ្នាំកន្លងទៅ Tesla បានកាន់កាប់ចំណែកទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកបានរហូតដល់ប្រមាណ ៧៩% ប៉ុន្តែបច្ចុប្បន្ននេះវាបានថយចុះមកនៅរង្វង់ ៦៥%។

បើតាមការសិក្សារបស់ S&P Global បានបង្ហាញក្ដីរំពឹងថា Tesla នឹងកាន់កាប់ចំណែកទីផ្សាររថយន្តអគ្គិសនីបានមិនដល់ ២០% នៅត្រឹមឆ្នាំ២០២៥ ដោយសារសម្ពាធទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

S&P Global បានរៀបរាប់ ៖ “តំណែងរបស់ Tesla កំពុងតែប្រែប្រួល ដោយសារមានជម្រើសរថយន្តអគ្គិសនីដែលធូរថ្លៃជាង និងផ្ដល់បច្ចេកវិទ្យាល្អដូចគ្នា ឬល្អជាង…កត្តានេះ អតិថិជនមានជម្រើស ហើយការចាប់អារម្មណ៍លើរថយន្តអគ្គិសនីក៏កំពុងមានការកើនឡើង ដូចនេះសមត្ថភាពក្នុងការកាន់កាប់ទីផ្សាររបស់ Tesla នឹងមានភាពលំបាកខ្លាំងនៅពេលខាងមុខ។”

គួរដឹងថារថយន្ត Model 3 ដែលមានតម្លៃធូរជាងគេក្នុងចំណោមរថយន្ត Tesla គឺមានតម្លៃចាប់ពី ៤៦ ៩០០ដុល្លារ ជាតម្លៃខ្ពស់មួយដែលប្រៀបដូចជារនាំងក្នុងការឃាំងឃាត់អតិថិជនក្នុងការទិញរថយន្ត Tesla។

ដោយឡែកងាកទៅមើល Ford, Kia, Hyundai, Chevrolet, Volkswagen និង Nissan ជាដើម សុទ្ធតែមានផ្ដល់ជម្រើសរថយន្តអគ្គិសនីតម្លៃធូរថ្លៃជាង។

ទោះយ៉ាងណាក្ដី ចំនួនលក់របស់ Tesla រំពឹងថានឹងបន្តមានការកើនឡើង ត្បិតថាចំណែកទីផ្សារត្រូវថយចុះក្ដី។ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២២នេះ ក្នុងចំណោមរថយន្តអគ្គិសនីជាង ៥២ម៉ឺនគ្រឿងដែលចុះបញ្ជីនៅអាមេរិក មានជិត ៣៤ម៉ឺនគ្រឿង ជារថយន្ត Tesla ទៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម