
យោងតាមសេចក្តីរាយការណ៍ចុះថ្ងៃទី ១២ ខែឧសភា ពី Kuai Technology ក្រុមហ៊ុន Toyota ត្រូវបានគេរាយការណ៍ថា កំពុងវាយតម្លៃលើការទិញយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Neta Auto ដែលកំពុងជួបបញ្ហា។ ទោះបីជាមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ តែយោងតាមចំណាត់ការបែបនេះអាចជួយឲ្យក្រុមហ៊ុន Toyota ពង្រឹងយុទ្ធសាស្ត្រផលិតរថយន្តអគ្គិសនី របស់ខ្លួននៅក្នុងប្រទេសចិន ស្របពេលក្រុមហ៊ុន Neta ជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។
ក្រុមហ៊ុន Neta Auto ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ពួកគេបានជួបវិបត្តិតាំងពីពាក់កណ្ដាលឆ្នាំ ២០២៤។ ការផលិតត្រូវបានផ្អាក ការបញ្ឍប់បុគ្គលិកទ្រង់ទ្រាយធំបានកើតឡើង ហើយក្រុមហ៊ុនបានព្យាយាមស្វែងរកការផ្ដល់មូលនិធិពីខាងក្រៅ។ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Neta បានបង្ហាញពីគម្រោងហិរញ្ញប្បទាន E-round ដែលបានបរាជ័យ ដែលមានទឹកប្រាក់ ៥៥២ ៦២១ លានដុល្លារ។
ទោះបីជារោងចក្រ Tongxiang របស់ Neta បានបើកឡើងវិញមួយរយៈពេលខ្លីនៅដើមខែមករាក៏ដោយ ក៏ការផលិតមិនបានបន្តឡើយ ដោយសារកង្វះខាតគ្រឿងបន្លាស់ធ្ងន់ធ្ងរ។ ការបរាជ័យនេះបាននាំឲ្យវិនិយោគិនដកខ្លួនវិញ ដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះបានបរាជ័យជាស្ថាពរ។
ផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Neta បានប្រកាសពីការខាតបង់សរុប ២.៥៣ ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ និងជំពាក់ប្រាក់អ្នកផ្គត់ផ្គង់ ៨២៨លានដុល្លារ។ ក្រុមហ៊ុនបានស្នើឲ្យបំប្លែងបំណុល ៧០% របស់អ្នកផ្គត់ផ្គង់ទៅជាភាគហ៊ុន និងបង់ប្រាក់ដែលនៅសល់ជាដំណាក់កាល ដោយព្រមានថាខ្លួនអាចនឹងមិនអាចទូទាត់ប្រាក់ខែ និងធានារ៉ាប់រងសង្គមបានទេ ប្រសិនបើគ្មានទុនថ្មី។ ប្រសិនបើ Neta ក្ស័យធន វិនិយោគិនរដ្ឋាភិបាលនឹងត្រូវបានផ្តល់អាទិភាពក្នុងការសងបំណុល ដែលធ្វើឲ្យអ្នកផ្គត់ផ្គង់ប្រឈមនឹងហានិភ័យ។
បន្ថែមពីលើបញ្ហារបស់ខ្លួន Neta អាចប្រឈមនឹងការពិន័យនៅប្រទេសថៃ ដោយអាចពិន័យជាទឹកប្រាក់ប្រមាណ ៤ ១០០ ដុល្លារក្នុងរថយន្ដមួយគ្រឿង។ ដើម្បីរក្សាទុកប្រាក់ទាំងនេះ Neta ត្រូវបំពេញតាមគោលដៅផលិតកម្មក្នុងស្រុកត្រឹមឆ្នាំ ២០២៥ ការបរាជ័យក្នុងការធ្វើដូច្នេះអាចបង្កឱ្យមានការសងត្រលប់ប្រាក់ឧបត្ថម្ភ ការប្រាក់ និងការបន្ធូរបន្ថយពន្ធ។
ប្រសិនបើកិច្ចព្រមព្រៀងមួយដំណើរការទៅមុខ ក្រុមហ៊ុន Toyota អាចទាញយកប្រយោជន៍ពីទ្រព្យសកម្ម និងចំណេះដឹងក្នុងស្រុករបស់ Neta ដើម្បីពន្លឿនការដាក់ចេញរថយន្ត EV របស់ខ្លួននៅប្រទេសចិន។ ទោះជាយ៉ាងណា នាយកផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Toyota នៅចិន លោក Xu Yiming បានបដិសេធព័ត៌មានចចាមអារ៉ាមទាំងនោះថា«យើងមិនទាន់បានឮអ្វីអំពីរឿងនេះទេ»។
នៅក្នុងឆ្នាំ ២០២៤ ការលក់របស់ Neta បានធ្លាក់ចុះមកត្រឹម ៦៤ ៥០០ គ្រឿង ហើយនៅក្នុងខែមករា ឆ្នាំ ២០២៥ ការលក់បានធ្លាក់ចុះជិត ៩៨% បើធៀបនឹងឆ្នាំមុន ដោយនៅសល់ត្រឹមតែ ១១០ គ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុនក៏បានប្រឈមនឹងការរិះគន់ជុំវិញបច្ចេកវិទ្យាដែលហួសសម័យ និងការអះអាងពីដំណើរការដែលហួសពីការពិត៕