Toyota គ្រោងដាក់ចេញយុទ្ធសាស្រ្តថ្មី២ ដើម្បីរក្សាគុណតម្លៃប្រេនរបស់ខ្លួន

ក្រុមហ៊ុន Toyota គ្រោងនឹងដាក់ចេញយុទ្ធសាស្រ្តថ្មី២ សម្រាប់ការផលិតរថយន្ត និងរក្សាគុណតម្លៃនៃម៉ាកយីហោរបស់ខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់​ កាន់តែដិតដាមជាប់ជាមួយជានិច្ច នោះគឺការពន្យារពេល​នៃការចេញរូបរាងថ្មីរបស់រថយន្ត និងការអាប់ដេត software ជាទៀងទាត់។

បើគិតពីឆ្នាំ២០០០ មកទល់នឹងឆ្នាំ២០២៥នេះ Toyota មិនសូវផ្លាស់ប្តូររូបរាងរថយន្តរបស់ខ្លួនឡើយ ពោលគឺទាល់តែ ៥ ឬ ៧ឆ្នាំ ទើបផ្លាស់ប្តូររាងថ្មីម្តង។ មិនតែប៉ុណ្ណោះ ចាប់ពីពេលនេះទៅ Toyota គ្រោងពន្យារថែមទៀត ដល់រយៈពេល ៩ឆ្នាំ ទើបផ្លាស់ប្តូរការឌីហ្សាញ​រូបរាងថ្មីម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចយើងបានដឹងស្រាប់ទាំងអស់គ្នាហើយថា រូបរាងរថយន្ត Toyota នីមួយៗ ទោះមានរយៈពេល ១០ ឬ ២០ឆ្នាំទៅហើយក្តី ក៏មើលទៅនៅតែមិនសុំាភ្នែកដែរ ហើយបើតម្លៃវិញសម្រាប់ទីផ្សារកម្ពុជា ក៏មិនងាយធ្លាក់ថ្លៃច្រើនដែរបើទោះជាប្រភេទរថយន្តមួយទឹកក៏ដោយ។

ការមិនសូវផ្លាស់ប្តូររូបរាងរថយន្តរបស់ Toyota នេះ នឹងជួយឲ្យរក្សាស្ថិរភាព​ផ្គត់ផ្គង់ រក្សាតម្លៃនៃការលក់ចេញវិញ និងជាពិសេសធ្វើឲ្យអ្នកប្រើប្រាស់យល់ថា រថយន្តរបស់ខ្លួន មិនហួសសម័យ ទោះមានអាយុកាលច្រើនឆ្នាំទៅហើយក្តី។

ថ្វីបើមិនងាយប្តូររូបរាងក៏ពិតមែន ប៉ុន្តែ Toyota បាន​បំពាក់បច្ចេកវិទ្យាថ្មីជាប់លាប់ បង្កើន performance សុវត្ថិភាព និងការសន្សំសំចៃ ពោលគឺ​ក្រុមហ៊ុននឹងផ្តោតអាទិភាព​ក្នុងការរក្សាការអាប់ដេត software លើម៉ូឌែលរថយន្តខ្លួន បន្ទាប់ពីការលក់ឲ្យអតិថិជន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម